ក្រុមហ៊ុនអភិវឌ្ឍខ្នាតយក្ស Central Pattana គ្រោងបោះទុន២,៧ពាន់លាដុល្លារ ដើម្បីសាងសង់គម្រោងប្រើប្រាស់ចម្រុះធំចំនួន៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនលក់រាយ និងអភិវឌ្ឍអចលនទ្រព្យខ្នាតយក្ស Central Pattana Plc (CPN) គ្រោងអភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះធំចំនួន៥ នៅក្នុងតំបន់កណ្តាល និងសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងបាងកក ក៏ដូចជាភាគខាងជើងទីក្រុងបាងកកផងដែរ។

ការសាងសង់គម្រោងទាំងនេះគ្រោងនឹងចាប់ផ្តើមចន្លោះពីឆ្នាំ២០២៣នេះ និងឆ្នាំ២០២៧ ក្នុងតម្លៃទុនវិនិយោគជាង១០០ពាន់លានបាត(ប្រហែល២,៧ពាន់លានដុល្លារអាមេរិក)។
គម្រោងទាំងប្រាំនោះរួមមានគម្រោង Central Park ដែលមានទីតាំងនៅ Dusit Central Park ដែលគ្រោងនឹងបង្ហាញរូបរាងឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។គម្រោងមួយផ្សេងទៀតនៅជាប់នឹងផ្សារទំនើប Central Embassy ត្រង់ចំណុចប្រសព្វនៃផ្លូវ Wireless ចំណែក គម្រោងមួយទៀតស្ថិតនៅខាងក្រោយ Central Shopping Complex នៅផ្លូវ Rama 9 ខណៈគម្រោងនៅសល់ពីរទៀតនឹងលាតសន្ធឹងលើដីទំហំ១១២ហិកតា នៅតំបន់ Rangsit។

គម្រោងប្រើប្រាស់ចម្រុះនីមួយៗទាមទារទុនវិនិយោគអប្បបរមាចំនួន២០ពាន់លានបាត(ប្រហែល៥៤២លានដុល្លារ) និងមានទីតាំងធំទូលាយដែលលាតសន្ធឹងលើផ្ទៃដី៣៥០.០០០ម៉ែត្រការ៉េ។

គម្រោង Central Park ដែលជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្រ្តអាជីវកម្មរយៈពេល៥ឆ្នាំនេះ នឹងកំណត់ឡើងវិញនូវទេសភាពទីក្រុងបាងកក ដូចជា Central Park ក្នុងទីក្រុង New York ឬឧទ្យាន Hyde Park ក្នុងទីក្រុងឡុងដ៍។

លោក Nattakit Tangpoonsinthana ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន CPN បានមានប្រសាសន៍ថា ជម្លោះរវាងអុីស្រាអែល និងក្រុមហាម៉ាស់នឹងជះឥទ្ធិពលក្នុងរយៈពេលខ្លីដល់អាជីវកម្មលក់រាយ ហើយក្រុមហ៊ុននឹងតាមដានពីទំហំដែលជម្លោះនេះប៉ះពាល់ដល់តំបន់ផ្សេងទៀត។លោកស្រី Wallaya Chirathivat ប្រធាន និងជានាយកប្រតិបត្តិរបស់ CPN លើកឡើងថា យើងបានចាក់ឫសនៅក្នុងឧស្សាហកម្មលក់រាយអស់រយៈពេល៤២ឆ្នាំមកហើយ ដោយបានយកឈ្នះលើបញ្ហាប្រឈមជាច្រើន។

លោកស្រីបន្ថែមថា ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់យើង យើងមានទំនុកចិត្តថា លំហូរនៃភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃនឹងកើនឡើងដល់២៥ទៅ៣០លាននាក់នៅឆ្នាំនេះ និងកើនឡើងដល់៤០លាននាក់នៅឆ្នាំ២០២៤ និងលើសពី៤០លាននាក់នៅឆ្នាំ២០២៥ អមដោយអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំថេរចន្លោះពី៣ទៅ៤%៕

LEAVE A REPLY

Please enter your comment!
Please enter your name here