ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រឈមភាពច្របូកច្របល់ពីគ្រប់ទិសទី ដូចជាការលក់ចេញប័ណ្ណរតនាគារអាមេរិកនាពេលថ្មីៗនេះ និងបញ្ហាសេដ្ឋកិច្ចចិនដែលកំពុងធ្លាក់ចុះ ខណៈធនាគារ Fed ប្រហែលជាមិនទាន់ឈានដល់ទីបញ្ចប់នៃការដំឡើងអត្រាការប្រាក់របស់ខ្លួននៅឡើយ។
កិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់បណ្តាប្រទេសដែលខកខានទូទាត់សងបំណុល អាចឈានដល់របកគំហើញដ៏សំខាន់មួយ មុនដំណាច់ឆ្នាំនេះ ស្របពេលដែលកិច្ចពិភាក្សាបន្ត។
ទន្ទឹមគ្នានេះ អ្នកបង្កើតគោលនយោបាយ និងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិគ្រោងនឹងជួបប្រមូលផ្តុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិនៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក នៅសប្តាហ៍នេះ។
ខាងក្រោមនេះគឺជាបញ្ហាសំខាន់ៗ ដែលនឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ:
ទី១/ បញ្ហានៅប្រទេសចិន
ការវិនិយោគ ដែលជាប់ផុងបំណុលរបស់ប្រទេសចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យបានកើនឡើងដល់កម្រិតខ្ពស់បំផុតហើយការនាំចេញក៏កំពុងធ្លាក់ចុះស្របតាមសេដ្ឋកិច្ចពិភពលោក។ តើការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននឹងជះផលប៉ះពាល់ដល់ទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀតយ៉ាងណា នៅតែជាសំណួរដែលមិនទាន់មានចម្លើយសម្រាប់អ្នកវិនិយោគ។






