ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសម្រេចចិត្តវិនិយោគដីធ្លីនាពេលនេះ អាចជារឿងត្រឹមត្រូវ ឬមានបញ្ហា អាស្រ័យលើលំហូរសាច់ប្រាក់របស់អ្នក។
ប៉ុន្តែប្រសិនជាអ្នកមានទឹកប្រាក់វិនិយោគ គួរជ្រើសរើសទីតាំងណា? ដើម្បីមានទីផ្សារ និងនៅតែមានឱកាសលក់ចេញ និងមានផលចំណេញលឿនសម្រាប់ពេលអនាគត?។
-->
លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.aia ដែលបានតាមដានដំណើរវិវត្តន៍ ក្នុងវិស័យនេះបានលើកឡើងថា អ្នកវិនិយោគដីធ្លីអំឡុងពេលនេះ គួរសិក្សាលើមូលដ្ឋានមួយចំនួនដូចជា ទីតាំង លំហូរសាច់ប្រាក់ល្អ ការប្រឈមនឹងការជាប់គាំងរយៈពេលវែង និងកត្តាសេដ្ឋកិច្ចមូលដ្ឋាន។
ទីតាំង
ទីតាំង ទីតាំង ទីតាំង នៅតែមានសារៈសំខាន់សម្រាប់ការវិនិយោគនាពេលនេះ និងគ្រប់ពេលវេលា ហេតុនេះការជ្រើសរើសទីតាំងត្រឹមត្រូវពិតជាមានាសារៈសំខាន់ណាស់ ព្រោះទីតាំងវាជាប់ពាក់ព័ន្ឋនឹងកត្តាប្រជាសាស្រ្ត នគរូបនីយកម្ម និងតម្រូវការរបស់ទីផ្សារ។
ដូច្នេះ តំបន់ជាយក្រុង ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលនឹងសាងសង់បន្តនាពេលខាងមុខ នៅតែមានឱកាសចំណេញ និងងាយលក់ចេញ ដោយសារកត្តាប្រជាសាស្រ្ត ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាមួយចំនួនទៀត។

លំហូរសាច់ប្រាក់ល្អ
ក្នុងស្ថានភាពនេះ ការគិតគូរពីលំហូរសាច់ប្រាក់ ពិតជារឿងត្រូវពិចារណាម្តងហើយម្តងទៀត ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា បានបង្ហាញសញ្ញារ៉ឹងមាំក្តី។
ដូច្នេះការសម្រេចចិត្ត គួរតែធ្វើឡើងលើមូលដ្ឋានមួយចំនួន ដូចជា ភាពចាំបាច់ ការទិញដើម្បីគោលបំណងជាក់លាក់ ទិញអាចបង្កើតប្រាក់ចំណូលត្រលប់មកវិញ និងមូលដ្ឋានហិរញ្ញវត្ថុឬលំហូរសាច់ប្រាក់មានស្ថេរភាពរយៈពេលវែង។
ការប្រឈមនឹងភាពជាប់គាំងរយៈពេលវែង
ដោយសារភាពមិនច្បាស់លាស់ នៃនិន្នាការជាសាកល រួមទាំងវិបត្តិសេដ្ឋកិច្ចផង បាននិងកំពុងធ្វើឲ្យការវិនិយោគ លើអចលនទ្រព្យ ពិសេសដីធ្លី ត្រូវចំណាយពេលយូរជាងមុន ដើម្បីលក់ចេញ និងទទួលបានផលចំណេញ។
អ្វីដែលអ្នកទិញ ឬអ្នកវិនិយោគត្រូវគិត គឺហានិភ័យនៃការលក់មិនចេញ និងការជាប់គាំងអចលនទ្រព្យរយៈពេលវែង។ នេះជាចំណុចគួរពិចារណាបំផុត។
កត្តាសេដ្ឋកិច្ចមូលដ្ឋាន
ការទិញដីនៅខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ គួរតែពិចារណាផងដែរ ប៉ុន្តែបើទិញដីសម្រាប់សាងសង់ផ្ទះលំហែរ វាជារឿងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការទិញដីដើម្បីវិនិយោគយកផលចំណេញ ឬធ្វើអាជីវកម្មអ្វីមួយ គួរពិចារណាលើកត្តាសេដ្ឋកិច្ចមូលដ្ឋានជាចម្បង។
សេដ្ឋកិច្ចមូលដ្ឋានសំដៅដល់ កត្តាប្រជាសាស្រ្ត ឬតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច និងមានមនុស្សរស់នៅច្រើន ព្រោះតំបន់មនុស្សរស់នៅច្រើន ជាតំបន់ដែលនៅតែមានតម្រូវការដីធ្លី ព្រោះជាតំបន់ដែលមានលំហូរសាច់ប្រាក់សកម្ម៕