ដោយ: គង់ លាងហួរ
ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី៣ ខណៈការប្រើប្រាស់ក្នុងស្រុកបានកើនឡើងកាលពីខែមុន។
នេះជាសញ្ញាបង្ហាញថា ការងើបឡើងវិញនាពេលថ្មីៗនេះ អាចនាំមកនូវថាមពលគ្រប់គ្រាន់ ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ទីក្រុងប៉េកាំង។
សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ បានចាប់ផ្តើមបង្ហាញសញ្ញានៃស្ថិរភាព ដោយសារវិធានការគោលនយោបាយថ្មីៗ ប៉ុន្តែវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយ ភាពមិនច្បាស់លាស់លើការងារ និងប្រាក់ចំណូលគ្រួសារ និងការធ្លាក់ចុះនៃទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនឯកជន នៅតែបង្កហានិភ័យដល់ការស្ទុះងើបឡើងវិញយូរអង្វែង។យោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៤,៩ភាគរយ នៅក្នុងខែកក្កដា ដល់ខែកញ្ញាបើធៀបនឹងឆ្នាំមុន ពោលគឺលើសការរំពឹងទុករបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់កាសែត Reuters សម្រាប់ការកើនឡើង៤,៤ភាគរយ។
ប៉ុន្តែ បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាស GDP របស់ប្រទេសចិន បានកើនឡើង១,៣ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបនឹងកំណើនត្រឹមតែ០,៥ភាគរយ នៅក្នុងត្រីមាសទី២ និងលើសពីការព្យាករសម្រាប់កំណើន១ភាគរយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា ការចំណាយលើការងារសាធារណៈបន្ថែមទៀត ការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយអចលនទ្រព្យ និងការខិតខំប្រឹងប្រែងដើម្បីពង្រឹងវិស័យឯកជន។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៣ ក្នុងអត្រាប្រហែល៥,០ភាគរយ៕