អគារខ្ពស់ជាងគេបំផុតលើពិភពលោកJeddah Tower នឹងបន្តការសាងសង់ឡើងវិញបន្ទាប់ពីផ្អាកអស់កន្លះទសវត្សរ៍

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅពេលសាងសង់បញ្ចប់រួចរាល់ អគារJeddah Tower នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកម្ពស់រហូតដល់ទៅ៣.២៨១ហ្វីត(១.០០០ម៉ែត្រ) ដែលកម្ពស់នេះស្មើជិត១១ដង នៃកម្ពស់រូបសំណាកសេរីភាព នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ការសាងសង់អគារJeddah Tower នឹងវ៉ាឈ្នះ អគារខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គឺអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

អគារនេះនឹងក្លាយជានិមិត្តរូប នៃទីក្រុងសេដ្ឋកិច្ច Jeddah​ ជាមួយនឹងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។រចនាឡើងដោយលោក Adrian Smith ស្ថាបនិកនៃក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture ការសាងសង់សំណង់របស់អគារ Jeddah Tower បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៣ ប៉ុន្តែវាត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៨។

មូលហេតុដ៏សំខាន់នៃការផ្អាកនេះ គឺដោយសារតែក្រុមហ៊ុន Binladin Group ដែលជាអ្នកម៉ៅការ ត្រូវបានដកចេញពីគម្រោង បន្ទាប់ពីប្រធានរបស់ក្រុមហ៊ុននេះ គឺលោក Bakr bin Laden ដែលត្រូវជាបងប្អូនពោះមួយ របស់មេភេរវករអាល់កៃដា Osama Bin Laden ត្រូវបានចាប់ខ្លួន ក្នុងអំឡុងយុទ្ធនាការបោសសំអាតអំពើពុករលួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
មូលហេតុមួយទៀតគឺ ជំងឺរាតត្បាតកូវីដ-១៩ ដែលបានបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមទស្សនាវដ្តី Dezeen បានចុះផ្សាយថា ឥឡូវនេះ ការងារសាងសង់អគារខ្ពស់កប់ពពកJeddah Tower នឹងត្រូវចាប់ផ្តើមឡើងវិញ។

ដោយដកស្រង់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Middle East Business Intelligence (MEED) ទស្សនាវដ្តី Dezeen បានរាយការណ៍ថា អ្នកអភិវឌ្ឍន៍ Jeddah Economic Company (JEC) ឥឡូវនេះ កំពុងស្វែងរកការដេញថ្លៃថ្មីពីអ្នកម៉ៅការ ដើម្បីបញ្ចប់ការសាងសង់គម្រោងបំបែកកំណត់ត្រា នៅលើពិភពលោកមួយនេះ។

យោងតាមក្រុមហ៊ុន ​​MEED បានឱ្យដឹងថា អ្នកម៉ៅការសកលមួយចំនួន ត្រូវបានអញ្ជើញឱ្យដាក់សំណើនៅចុងឆ្នាំនេះ។  ទោះជាយ៉ាងណាក៏ដោយ ការកំណត់ពេលវេលាពិតប្រាកដ សម្រាប់ការសាងសង់បញ្ចប់គម្រោង ដែលនៅសេសសល់នេះ មិនទាន់ត្រូវបានចែករំលែកឱ្យដឹងនៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here