ដោយៈ គង់ សូរិយា
ភ្នំពេញៈ បើមិនមានការប្រែប្រួលទេ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី គ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅមុនដំណាច់ឆ្នាំ២០២៣នេះហើយ។
គិតរហូតមកដល់ពេលនេះ មានអាជីវករប្រហែល៧០ភាគរយ បានមកចុះឈ្មោះអាជីវកម្មរួចរាល់។ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី បានចាប់ផ្តើមសាងសង់ក្នុង២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។ គម្រោងនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ ហើយដែលមានស្តង់លក់ដូរ ចំនួន៦០០០ ស្តង់។
ក្នុងអំឡុងពេលចុះទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ជាមួយលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា នៅពេលបើកដំណើរការផ្សារនេះ នឹងក្លាយជាកន្លែងបោះដុំទំនិញក្នុងស្រុក និងក៏អាចមានទំនិញនាំចូល ពីក្រៅប្រទេសផងដែរ។ ទំនិញ ដែលដាក់តាំងលក់នៅទីនោះ អាចមានចម្រុះជាច្រើនមុខទំនិញ ។
លោកថ្លែងថា “ផ្សារបោះដុំនេះ សំដៅដល់កន្លែងបោះដុំបន្លែ សម្ភារ គ្រឿងសង្ហារិម… ។ល។ ដែលការបោះដុំនេះ គឺអាចយកមកពីប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដើម្បីយកមកបោះដុំ និងចែកចាយជូនបណ្តាខេត្តទាំង ២៤។ ទីតាំងនេះគឺសមរម្យបំផុត”។
លោកបន្ថែមថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូន អាជីវករពីលើផ្លូវព្រះមុនីរ៉េត(ផ្សារដើមគរ) ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំ ដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃយុទ្ធសាស្ត្រត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះកម្ពុជាបាននាំចេញកសិផលប្រមាណ៥,៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ(៧១ប្រទេស) ដោយទទួលបានចំណូលជាង ៣,២១ពាន់លានដុល្លារ។ ក្នុងចំណោមកសិផល ដែលបាននាំចេញទាំងអស់ គឺការនាំចេញអង្ករមានចំនួនជាង៤៥ម៉ឺនតោន, ស្រូវជាង ១,៨លានតោន និងកសិផលក្រៅពីស្រូវ- អង្ករចំនួនជាង៣,៣លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស៕




