ដោយៈ គង់ សូរិយា
ភ្នំពេញៈ បើមិនមានការប្រែប្រួលទេ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី គ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅមុនដំណាច់ឆ្នាំ២០២៣នេះហើយ។
គិតរហូតមកដល់ពេលនេះ មានអាជីវករប្រហែល៧០ភាគរយ បានមកចុះឈ្មោះអាជីវកម្មរួចរាល់។ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី បានចាប់ផ្តើមសាងសង់ក្នុង២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។ គម្រោងនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ ហើយដែលមានស្តង់លក់ដូរ ចំនួន៦០០០ ស្តង់។ក្នុងអំឡុងពេលចុះទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ជាមួយលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា នៅពេលបើកដំណើរការផ្សារនេះ នឹងក្លាយជាកន្លែងបោះដុំទំនិញក្នុងស្រុក និងក៏អាចមានទំនិញនាំចូល ពីក្រៅប្រទេសផងដែរ។ ទំនិញ ដែលដាក់តាំងលក់នៅទីនោះ អាចមានចម្រុះជាច្រើនមុខទំនិញ ។
លោកថ្លែងថា “ផ្សារបោះដុំនេះ សំដៅដល់កន្លែងបោះដុំបន្លែ សម្ភារ គ្រឿងសង្ហារិម… ។ល។ ដែលការបោះដុំនេះ គឺអាចយកមកពីប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដើម្បីយកមកបោះដុំ និងចែកចាយជូនបណ្តាខេត្តទាំង ២៤។ ទីតាំងនេះគឺសមរម្យបំផុត”។
លោកបន្ថែមថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូន អាជីវករពីលើផ្លូវព្រះមុនីរ៉េត(ផ្សារដើមគរ) ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំ ដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃយុទ្ធសាស្ត្រត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។
តំណាងសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី បានឱ្យដឹងថា នៅខែ១២(ខែធ្នូ) ក្រុមហ៊ុននឹងរៀបចំប្រគល់តូប ទៅដល់ម្ចាស់អាជីវកម្ម ដើម្បីឱ្យពួកគាត់ចូលមករៀបចំតូបរៀងៗខ្លួន ក្នុងលើកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងនោះ២ឆ្នាំដំបូងគឺមិនគិតតម្លៃជួលឡើយ។ នេះជាផ្សារធំជាងគេនៅក្នុងប្រទេសកម្ពុជា ដោយអាចផ្ទុកទំនិញបាន ៦០ ០០០តោន ហើយនឹងមានផលិតផលក្នុងស្រុក(កម្ពុជា) និងផលិតផលនាំចូលពីប្រទេសនានា ពិសេសប្រទេសជិតខាងដូចជា ចិន វៀតណាម និងថៃ ជាដើម។យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះកម្ពុជាបាននាំចេញកសិផលប្រមាណ៥,៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ(៧១ប្រទេស) ដោយទទួលបានចំណូលជាង ៣,២១ពាន់លានដុល្លារ។ ក្នុងចំណោមកសិផល ដែលបាននាំចេញទាំងអស់ គឺការនាំចេញអង្ករមានចំនួនជាង៤៥ម៉ឺនតោន, ស្រូវជាង ១,៨លានតោន និងកសិផលក្រៅពីស្រូវ- អង្ករចំនួនជាង៣,៣លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស៕