ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលបញ្ជាមួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ មកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្រោមគោលនយោបាយលើកលែងទិដ្ឋាការ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ។
ទីភ្នាក់ងារផ្សេងៗត្រូវបានណែនាំ ឲ្យចូលរួមចំណែកក្នុងគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន ដើម្បីកាត់បន្ថយចំនួនមនុស្សច្រើនលើសលប់ នៅអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈរដូវកាលដែលមានភ្ញៀវទេសចរច្រើន(High season)ខិតជិតមកដល់។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានអះអាងថា លោកបានបញ្ជាដល់ភ្នាក់ងាររដ្ឋឱ្យរៀបចំខ្លួន ដើម្បីធានាភាពងាយស្រួលនៃការធ្វើដំណើរ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញ គោលនយោបាយ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ចូល និងស្នាក់នៅប្រទេសថៃ ដោយពុំចាំបាច់មានទិដ្ឋាការរយៈពេល៣០ថ្ងៃ។
លោករដ្ឋមន្ត្រីបានបន្តថា អាកាសយានដ្ឋានថៃ (AOT) ត្រូវបានណែនាំឱ្យធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារផ្សេងៗ រួមទាំងអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីសម្រួលដំណើរការ និងទប់ស្កាត់ការកកស្ទះ។
លោកបានមានប្រសាសន៍ឱ្យដឹងថា “មជ្ឈមណ្ឌលបញ្ជាត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់អ្នកផ្តល់សេវានៅអាកាសយានដ្ឋានទាំងអស់ ក្នុងការធានាការធ្វើដំណើរប្រកបដោយភាពរលូនសម្រាប់ភ្ញៀវ ជាពិសេសគឺនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដុនមឿង”។
លោក Suriya បានឱ្យដឹងទៀតថា លោកបានណែនាំដល់ភ្នាក់ងារផ្សេងទៀត រួមទាំងផ្លូវដែក រថយន្តក្រុងអន្តរខេត្ត និងអាជ្ញាធរដែនសមុទ្រ ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងបង្កើនការប្រុងប្រយ័ត្ន ផ្នែកសុវត្ថិភាពបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ។
លោកបានបន្ថែមថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ នឹងត្រូវបានអនុវត្ត ចាប់ពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដែលនេះជាផ្នែកមួយ នៃផែនការជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់យើង។
កាលពីមុននេះ រដ្ឋាភិបាលថៃបានយល់ព្រម ផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ មកពីប្រទេសចិន និងកាហ្សាក់ស្ថាន ហើយគោលការណ៍នេះ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៕






