ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់បានធ្លាក់ចុះបន្តិចនៅក្នុងត្រីមាសទី៣ ដែលការណ៍នេះបានបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អឺរ៉ុបមួយនេះ។
ផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់បានធ្លាក់ចុះ០,១% ក្នុងត្រីមាសទី៣ បើធៀបនឹងកំណើន០,១%នៅត្រីមាសទី២។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិសហព័ន្ធ (Destatis) របស់ប្រទេសអាល្លឺម៉ង់។
ទិន្នន័យ ខាងលើនេះ បានបង្កជាការព្រួយបារម្ភសម្រាប់ តំបន់ ដែល ចាយប្រាក់អឺរ៉ូទាំងមូល ព្រោះអាល្លឺម៉ង់ជា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់នេះ។
លោក Claus Vistesen ប្រធានសេដ្ឋវិទូប្រចាំតំបន់ចាយប្រាក់អឺរ៉ូនៅក្រុមហ៊ុន Pantheon Macroeconomics បានអះអាងថា “សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កំពុងធ្លាក់ចុះជាថ្មីម្តងទៀត និងស្ថិតនៅលើមាត់ជ្រោះដែលអាចធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច”។






