ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការចុះបញ្ជីនៃបរធនបាលកិច្ចកើនដល់៦៨៣ករណី នេះបើគិតត្រឹមសប្តាហ៍ទី២នៃខែវិច្ឆិកា ឆ្នាំនេះ ជាមួយទំហំទឹកប្រាក់វិនិយោគឡើងដល់១២២៣លានដុល្លារ។
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានជជែកអំពីបរធនបាលកិច្ច យន្តការសម្រាប់វិនិយោគ លើវិស័យអចលនទ្រព្យ ប្រកបដោយទំនុកចិត្ត ដែលសហការរៀបចំដោយ និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោកបានថ្លែងថា ការចុះបញ្ជីបរធនបាលកិច្ច នឹងបន្តកើនឡើងចំនួន៨៣ករណីបន្ថែមទៀត ជាមួយទឹកប្រាក់វិនិយោគ៣៥លានដុល្លារ។ តួលេខនេះ នឹងធ្វើឲ្យចំនួននៃការចុះបញ្ជីស្របច្បាប់ នៃវិស័យនេះ នឹងកើនដល់៧៦៦ករណី នៅដំណាច់ខែវិច្ឆិកានេះ។
លោកបន្តថា ផ្អែកតាមទិន្នន័យការចុះបញ្ជី ស្របច្បាប់នៃវិស័យបរធនបាលកិច្ចសរុបចំនួន៦៨៣ករណី ក្នុងនោះចំនួន៦០៥ករណី ជាបរធនបាលកិច្ចវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះមាន៥៥២ករណី ត្រូវបានចុះបញ្ជីដោយជនបរទេស ដែលមានទំហំទុន៥៨០លានដុល្លារ ហើយក្នុងចំណោមការចុះបញ្ជីបរធនបាលកិច្ចរបស់ជនបរទេសទំាងនោះ គឺមាន៥៤១ករណី ជាបរធនបាលកិច្ចវិនិយោគលើវិស័យអចលនទ្រព្យ និង១១ករណីផ្សេងទៀត វិនិយោគលើប្រព័ន្ធរក្សាទុកសុវត្ថិភាព។






