ដោយៈ តែម សុខុម
ឌូបៃៈ បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៃក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Boeing។
ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីយកប្រៀបក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ហើយរំពឹងទទួលបានកំណើននៅក្នុងការធ្វើដំណើរជាអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនអាកាសចរណ៍ជាដៃគូ Fly Dubai បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំចំនួន១២៥គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ក្នុងពិធីបើកពិព័រណ៍ផ្លូវអាកាសក្រុងឌូបៃ Dubai Airshow ប៉ុន្តែបានផ្អាកការបញ្ជាទិញយន្តហោះធុនធំ A350 ពីក្រុមហ៊ុនអឺរ៉ុប Airbus ជាបណ្ដោះអាសន្នសិន។
ការបញ្ជាទិញនេះ រួមមាន ទាំងយន្តហោះ៤០០កៅអីធុន Boeing 777-9 ចំនួន៥៥គ្រឿង និងយន្តហោះ Boeing 777-8 ចំនួន៣៥គ្រឿងផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានបញ្ជាទិញយន្តហោះធុន 787 Dreamliners ចំនួន៥គ្រឿងបន្ថែមផងដែរ ខណៈក្រុមហ៊ុនអាកាសចរណ៍ flyDuba បានបញ្ជាទិញយន្តហោះប្រភេទដូចគ្នានេះដល់ទៅ៣០គ្រឿង។
លោក Sheikh Ahmed bin Saeed Al Maktoum ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុន flyDubai បានលើកឡើងថា “រួមបញ្ចូលគ្នា ការបញ្ជាទិញទាំងនេះ គឺជាការវិនិយោគយ៉ាងសម្បើមដែលឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តរបស់ក្រុងឌូបៃ ចំពោះអនាគតនៃវិស័យអាកាសចរណ៍”៕ Reuters