ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនដ៏ធំចំនួនពីរគឺ Nippon Express និង Oji Paper បានសម្រេចចិត្តចូលមកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយ បន្ទាប់ពីពួកគេមើលឃើញសក្តានុពលវិនិយោគនិងស្ថេរភាពនយោបាយនៅកម្ពុជា។
លោក Hiroshi Uematsu ប្រធានក្រុមប្រឹក្សាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានឲ្យដឹង ក្នុងពិធីបើកសន្និបាតរបស់តំបន់សេដ្ឋកិច្ចពិសេសនេះ កាលពីល្ងាចថ្ងៃទី២០កុម្ភៈកន្លងមកថា លោកបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Nippon Express ដែលជាក្រុមហ៊ុនដឹកជញ្ចូនដ៏ធំរបស់ជប៉ុន ដែលក្រុមហ៊ុននេះនឹងបង្កើតមជ្ឈមណ្ឌលសេវាកម្មផលិតកម្មលើផ្ទៃដី៤ ហិកតានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោកបន្តថា លោកក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Oji Paper ដែលជាក្រុមហ៊ុនក្រដាសធំជាងគេនៅប្រទេសជប៉ុន ដែលនឹងមកវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុននេះនឹងបង្កើតរោងចក្រប្រអប់ក្រដាសលើផ្ទៃដីទំហំ៦ហិចតា។
បច្ចុប្បន្ននេះក្រុមហ៊ុននេះក៏កំពុងធ្វើរោងចក្រជួលរថយន្ត សម្រាប់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ជប៉ុនផងដែរ។
លោក Hiroshi Uematsu អះអាងថា អស់រយៈពេល៥ឆ្នាំហើយ ដែលភាគហ៊ុននិកទាំងនោះពេញចិត្ត នឹងផលិតភាពរបស់កម្មករកម្ពុជា ពួកគេចង់ពង្រីកផលិតកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិតបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបច្ចុប្បន្ន បានផ្ដល់ការងារជូនកម្មករ-កម្មការិនីខ្មែរប្រមាណជិត២ម៉ឺននាក់ ដោយម្នាក់ៗទទួលបានប្រាក់បៀវត្សទៅ តាមស្តង់ដារបស់រាជរដ្ឋាភិបាល ដោយសារក្រុមហ៊ុនដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចភ្នំពេញ ជាក្រុមហ៊ុនអន្តរជាតិ និងអនុវត្តទៅតាមច្បាប់ការងារ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេស។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បច្ចុប្បន្នមានក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគចំនួន៨៤ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលកំពុងដំណើរការគំរោង វិនិយោគរបស់ខ្លួនមានចំនួនប្រមាណ៧០ក្រុមហ៊ុន៕