ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់ស្ពានថ្មើរជើងតភ្ជាប់សង្កាត់លេខ១ និងទីក្រុង Thu Duc ដោយឆ្លងកាត់ទន្លេ Saigon គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ក្រោមទុនវិនិយោគប្រហែល៤១,២លានដុល្លារអាមេរិក ជាថវិកាទទួលបានពីក្រុមហ៊ុនក្នុងស្រុក។
ក្រុមហ៊ុន Nutifood Nutrition Food JSC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីផ្តល់មូលនិធិសម្រាប់ការសាងសង់ស្ពាននេះ ដែលនឹងសាងសង់ឡើងតាមលំនាំស្រដៀងនឹង “ស្លឹកចា” ដែលជារុក្ខជាតិដ៏ពេញនិយម ដុះនៅភាគខាងត្បូងនៃប្រទេសវៀតណាម។
ការរចនាឌីហ្សាញស្ពានជារូបរាងស្លឹកចានេះ គឺជាសមិទិ្ធផលកើតចេញពីការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនជប៉ុន Takashi Niwa Architects និងក្រុមហ៊ុនសំណង់ Chodai Kisojiban Vietnam។
-->
គណៈកម្មាធិការជ្រើសរើសបានលើកឡើងថា ការរចនាបែបនេះនឹងអនុញ្ញាតឱ្យសសរស្ពាន បោះនៅជិតច្រាំងទន្លេរ។ ដូច្នេះ វាអាចឱ្យនាវាឆ្លងកាត់ក្រោមស្ពានបាន ហើយរថយន្តសង្គ្រោះ ក៏នឹងអាចប្រើប្រាស់ស្ពាននេះ នៅពេលមានភាពចាំបាច់ផងដែរ។
លោក Tran Bao Minh អនុប្រធានក្រុមហ៊ុន Nutifood បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនចង់បង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះប្រជាជនក្នុងទីក្រុង ដែលបានជួយក្រុមហ៊ុននេះ ឱ្យរីកចម្រើនពីអាជីវកម្មខ្នាតតូច ទៅជាម៉ាកយីហោធំដូចសព្វថ្ងៃនេះ។
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជននៅទីក្រុងហូជីមិញ បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថា យើងតែងតែផ្តល់អាទិភាព ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង ប៉ុន្តែដោយសារធនធាននៅមានកម្រិត។ ដូច្នេះការអំពាវនាវឱ្យមានមូលនិធិវិនិយោគឯកជន គឺជាគោលនយោបាយដែលទីក្រុងហូជីមិញបានអនុវត្តជាញឹកញាប់។
យោងតាមសារពត៌មាន VNexpress បានចុះផ្សាយឱ្យដឹងថា ស្ពានថ្មើរជើង ដែលមិនទាន់បញ្ចេញឈ្មោះមួយនេះ នឹងត្រូវបានសាងសង់ឡើងនៅចន្លោះស្ពាន Ba Son និងផ្លូវរូងក្រោមដី Thu Thiem៕