ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Westports ដែលជាប្រតិបត្តិករកំពង់ផែខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ី គ្រោងរៃអង្គាសប្រាក់ចំនួន៣៩,៦ពាន់លានរីងហ្គីត (ប្រហែល៨,៣ពាន់លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងពង្រីកកំពង់ផែរបស់ខ្លួន។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Westports គឺជាប្រតិបត្តិកររបស់កំពង់ផែ Port Klang ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់ របស់ប្រទេសម៉ាឡេស៊ី។
យោងតាមរបាយការណ៍ពីសារពត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាព ចំណតផែកុងតឺន័ររបស់កំពង់ផែ Port Klang ពី១៤លាន TEUទៅដល់២៧លាន TEU។
ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីកំពុងសាងសង់កំពង់ផែ Tuas ដែលមានតម្លៃ១៩,៩ពាន់លានដុល្លារ។ កំពង់ផែនេះ កំពុងត្រូវបានសាងសង់ឡើងជា៤ដំណាក់កាល ខណៈការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០។ ដំណាក់កាលទាំង៤នេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០៤០។
ដំណាក់កាលទី១ នៃកំពង់ផែTuas របស់ប្រទេសសិង្ហបុរី គ្រោងនឹងសាងសង់បញ្ចប់រួចរាល់ និងបើកដាក់ឱ្យដំណើរការយ៉ាងពេញលេញ នៅឆ្នាំ២០២៧ខាងមុខ ដែលនឹងមានសមត្ថភាពចំណតផែកុងតឺន័រចំនួន២០លាន TEUs។
បើក្រឡេកមកមើលប្រទេសថៃវិញ គេសង្កេតឃើញថា ចាប់តាំងពីឡើងកាន់អំណាចមក លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិងកំពុងទាក់ទាញ ការវិនិយោគពីវិស័យឯកជនសម្រាប់គម្រោង Landbridge ដែលនឹងតភ្ជាប់កំពង់ផែទឹកជ្រៅ នៅខេត្តចំនួនពីរគឺ ខេត្ត Ranong នៅម្ខាង និងខេត្តChumphon នៅម្ខាងទៀត។
គម្រោង Land Bridge នេះនឹងអនុញ្ញាតឱ្យកប៉ាល់អាចបើកជៀសពីច្រកសមុទ្រម៉ាឡាកា បានទាំងស្រុង ខណៈថវិកាដែលត្រូវចំណាយដើម្បីសាងសង់គម្រោង មានទំហំទឹកប្រាក់ប្រហែល២៨ពាន់លានដុល្លារអាមេរិក៕