ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំលើកទី១ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន។
កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុចំនួន២រូបផងដែរ។លោកឡុង ឌីម៉ង់ និងលោកឯម ភាពអភិបាលរងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ច ដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។
នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេស សម្រាប់សកម្មភាពធុរកិច្ច ក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល ដើម្បីពន្លឿនដល់ការដោះស្រាយ បញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបំពេញមុខងារដូចការិយាល័យ ច្រកចេញចូលតែមួយ សម្រាប់វិស័យឯកជនដាក់សំណើ។
ក្នុងន័យនេះ សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ “អត្ថប្រយោជន៍ពិសេស” ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕