ដោយ: គង់ លាងហួរ
រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងចំណោមក្រុមប្រទេសG20 ក្នុងសន្ទស្សន៍គុណភាពផ្លូវថ្នល់(RQI) ។នេះបើយោងតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា សន្ទស្សន៍គុណភាពផ្លូវថ្នល់ (RQI) នៅប្រទេសមួយនេះ បានកើនឡើងជាង១០ភាគរយ ដល់៥,៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមក្រុមប្រទេសសមភាគី G20 របស់ខ្លួន។សន្ទស្សន៍ RQI ធ្វើការវាយតម្លៃទៅលើគុណភាព នៃបណ្តាញផ្លូវថ្នល់ ដោយហេតុនេះ វាអាចជួយធានាសុវត្ថិភាពរបស់អ្នកបើកបរ។ ការកើនឡើងនៃសន្ទស្សន៍RQI កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អារ៉ាប៊ីសាអូឌីត ដើម្បីបោះជំហានឈានមុខគេជាសកល ក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ លើកកំពស់គុណភាពផ្លូវថ្នល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
សន្ទស្សន៍នេះក៏បង្ហាញឱ្យឃើញផងដែរ ពីផ្លែផ្កា ដែលកើតចេញពីការខិតខំ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធានាសុវត្ថិភាព ក៏ដូចជា បំពេញតាមគោលដៅ ប្រកបដោយមហិច្ឆតារបស់ខ្លួន ដែលមានចែងក្នុងយុទ្ធសាស្រ្តដឹកជញ្ជូន និងសេវាភស្តុភារជាតិ នៅក្នុងចក្ខុវិស័យឆ្នាំ២០៣០។
លោក Saleh Al-Jasser រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងភស្តុភារអារ៉ាប៊ីសាអូឌីត បានលើកឡើងថា “វឌ្ឍនភាពនេះអាចសម្រេចទៅបាន ក៏ដោយសារតែមានការគាំទ្រដ៏អស្ចារ្យ និងគ្មានដែនកំណត់ ពីសំណាក់ថ្នាក់ដឹកនាំដ៏ឈ្លាសវៃ របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ”។
ចំណែក លោក Badr bin Abdullah Al-Dulami នាយកប្រតិ បត្តិស្តីទីរបស់អាជ្ញាធរផ្លូវថ្នល់ទូទៅ បានលើកឡើងថា សន្ទុះដ៏គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យផ្លូវថ្នល់ក្នុងឆ្នាំ២០២៣ បានរួមចំណែកដល់សមិទ្ធិផលនេះ៕