ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា ភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាកម្ពុជា អាចកើនដល់មុនវិបត្តិកូវីដ១៩វិញ នៅឆ្នាំ២០២៤នេះ។
ប្រធានសហព័ទ្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកថា កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន៥,៤លាននាក់ ហើយឆ្នាំនេះរំពឹង នឹងកើនដល់កម្រិតឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩មកដល់ ដែលកាលនោះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦,៦លាននាក់។
លោកបានមានប្រសាសន៍ថា “អ្វីដែលជាការកត់សម្គាល់ កាលពីឆ្នាំ២០២៣ ភ្ញៀវធ្វើដំណើរតាមផ្លូវអាកាស មានត្រឹម១ភាគ៣ ខុសមុនវិបត្តិកូវីដ១៩ ដែលភ្ញៀវមកកម្ពុជា តាមផ្លូវអាកាសមានចំនួន២ភាគ៣”។ លោកបន្តថា “ភ្ញៀវទេសចរណ៍អន្តរជាតិភាគច្រើន មកទស្សនាកម្ពុជាតាមព្រំដែនគោកកាលពីឆ្នាំមុន”។
លោកឌិន សុមេធារិទ្ឋបានបន្តថា យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍បានបង្ហាញថា ចំនួនអាកាសចរណ៍ហោះមកកាន់រាជធានីភ្នំពេញ មានកម្រិតស្មើនឹងឆ្នាំ២០១៩ នៅឆ្នាំ២០២៤នេះ ប៉ុន្តែនៅខេត្តសៀមរាប ចំនួនជើងហោះហើរនៅមានកម្រិតនៅឡើយ។លោកបញ្ជាក់ថា “គិតចាប់តាំងពីខែតុលា រហូតដល់ខែកុម្ភៈនេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានកើនឡើងខ្ពស់ឡើងវិញ ជាសញ្ញានៃការផ្តល់ក្តីសង្ឃឹម និងស្របគ្នានឹងការរំពឹងទុករបស់ក្រសួងទេសចរណ៍”។
ប្រមុខរាជរដ្ឋាភិបាលភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលនយោបាយទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤នេះ និងបានសហការជាមួយប្រទេសចិន ដោយជ្រើសរើសឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ដែលកម្ពុជារំពឹងនឹងអាចទាក់ទាញ ភ្ញៀវទេសចរណ៍ចិនច្រើននៅឆ្នាំនេះ៕