ដោយ រ៉ាវី
ភ្នំពេញ៖ បច្ចុប្បន្នការធ្វើអាជីវកម្ម ដោយជ្រកនៅក្រោមម៉ាកសញ្ញាល្បី Franchise នៅលើទីផ្សារកម្ពុជា ហាក់កំពុងមានការចាប់អារម្មណ៍ ពីសំណាក់បណ្តាអ្នកវិនិយោគមួយចំនួន ប៉ុន្តែការទិញ Franchise មកកម្ពុជា មិនប្រាកដថាទទួលបានជោគជ័យនោះទេ។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smiles Group បានមានប្រសាសន៍ឲ្យដឹងថា ការទិញម៉ាកសញ្ញា ឬ Franchise ជាការធ្វើអាជីវកម្មមួយដែលមិនសូវជួបភាពប្រថុយប្រថាន ដូចកាលដែលចាប់ផ្តើមបង្កើតអាជីវកម្ម ដោយការកសាងកេរ្តិ៍ឈ្មោះពីចំណុចសូន្យឡើងមកនោះទេ។
ភាគច្រើន នៅពេលដែលគេចំណាយទុនស្នើសុំម៉ាកសញ្ញា អ្នកវិនិយោគគឺបានសិក្សា និងស្គាល់ពីគុណភាព វិសាលភាពនៃម៉ាកសញ្ញាទាំងនោះរួចជាស្រេច ទើបចំណាយទុនទិញ រហូតមានអ្នកខ្លះមានទុនស្នើទិញហើយ បែរជាម្ចាស់ម៉ាកសញ្ញាមិនព្រមលក់សិទ្ធិឱ្យក៏មាន ខណៈដែលម្ចាស់ម៉ាកសញ្ញាសិក្សារកឃើ ញថា អ្នកស្នើសុំមានប្រវត្តិអាជីវកម្មមិនសូវល្អ ឬទីតាំងស្នើសុំប្រកបអាជីវកម្ម ក្រោមម៉ាកសញ្ញារបស់ខ្លួនមិនអំណោយផល។
លោកឧកញ៉ាបបន្តថា “ការទិញម៉ាកសញ្ញា ឬការទិញសិទ្ធិអាជីវកម្មបន្តវាគឺជារឿងដែលល្អចំពោះអ្នកវិនិយោគ ដែលមានគម្រោងច្បាស់លាស់ មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានមនុស្ស និងដំណើរប្រតិបត្តិការអាជីវកម្មពិតប្រាកដ”។
លោកបន្តថា “បើទោះជាម្ចាស់ម៉ាកសញ្ញាបានយល់ព្រមផ្តល់សិទ្ធិឱ្យធ្វើអាជីវកម្មបន្តយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទទួលសិទ្ធិវិនិយោគបន្តក៏ត្រូវតែមានការព្យាយាមជាមួយអាជីវកម្មរបស់ខ្លួនដែរ”។
អ្នកជំនាញរូបនេះបានបន្តថា មុនពេលសម្រេចចិត្តចំណាយទុនទិញម៉ាកសញ្ញាមកបន្តអាជីវកម្ម អ្នកវិនិយោគដែលជាម្ចាស់់ទុនត្រូវសួរខ្លួនឯងជាមុនសិនថា តើអាចគ្រប់គ្រងអាជីវកម្មដែលខ្លួនទិញមកបន្តបានឬទេ មានចំណេះដឹងពាក់ព័ន្ធទៅនឹងអាជីវកម្មដែលខ្លួនមានគម្រោងធ្វើនោះទេ?
វាជាការពិត នៅពេលម្ចាស់ម៉ាកសញ្ញាយល់ព្រមប្រគល់សិទ្ធិ ឬផ្តល់ម៉ាកសញ្ញារបស់ខ្លួន គឺគេផ្តល់ការគ្រប់គ្រង និងការបំពាក់បំប៉នទាំងអស់រាប់ទាំងផ្នែកបម្រើសេវាកម្មផងដែរ ដែលនិយាយរួមវាស្ទើរតែ ៧០-៩០ ភាគរយទៅហើយ។ ប៉ុន្តែចំពោះអ្នកវិនិយោគបន្ត ដែលក្រៅពីមានដើមទុន និងមានគោលបំណងច្បាស់លាស់ រួមជាមួយនឹងចក្ខុវិស័យ ក៏ដូចជាមានទីតាំងល្អហើយនោះ អ្នកវិនិយោគក៏ត្រូវតែមានក្ដីអំណត់ និងព្យាយាមក្នុងការដឹកនាំ ដំណើរការអាជីវកម្មរបស់ខ្លួន ឱ្យអស់ពីលទ្ធភាពទើបអាចទទួលបានផ្លែផ្កាបាន បើមិនដូច្នោះទេភាពបរាជ័យនឹងកើតមានដូចគ្នាជាក់ជាមិនខាន៕






