ដោយ: គង់ លាងហួរ
អន្តរជាតិ: សហភាពអឺរ៉ុប និងប្រទេសចិន កំពុងស្វែងរកជម្រើសផ្លូវដឹកជញ្ជូនថ្មី ដែលមានសុវត្ថិភាពជាងមុន ខណៈកប៉ាល់ជាច្រើន ដែលឆ្លងកាត់ព្រែកជីកSuez និងសមុទ្រក្រហម បានរងការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន។
ផ្លូវពាណិជ្ជកម្ម“ច្រករបៀងកណ្តាល”ឬ Middle Corridor ដែលនឹងតភ្ជាប់ទីផ្សារចិន និងអឺរ៉ុបតាមរយៈតំបន់អាស៊ីកណ្តាល និងតំបន់ Caucasus បានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងវេទិកាបាល់កង់ និងសមុទ្រខ្មៅលើកទី៥។
-->
ក្រុមគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមវេទិកាសន្និសីទនេះ បានចាត់ទុកច្រករបៀងកណ្តាល ជាឱកាសសម្រាប់ផ្លូវពាណិជ្ជកម្មប្រកបដោយស្ថិរភាព ស្របពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក Dimitrios Rallis អគ្គលេខាធិការរងនៃលេខាធិការដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅបានថ្លែងថា “ពាណិជ្ជកម្មសក លបានរងការរំខាន ដោយសារតែវិបត្តិទាំងនេះ។ វិបត្តិទាំងអស់ បានជះប៉ះពាល់ ដល់ផ្លូវពាណិជ្ជកម្មសកល តាមរបៀបរៀងៗខ្លួន ហើយវិបត្តិបានជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង ព្រមទាំងក្តីបារម្ភពីសុវត្ថិភាព និងទំនាក់ទំនង”។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារពិភពលោក បង្ហាញថា ច្រករបៀងកណ្តាល ដែលលាតសន្ធឹងពីព្រំដែនភាគខាងកើត នៃប្រទេសកាហ្សាក់ស្ថានជាមួយប្រទេសចិន និងដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប តាមរយៈសមុទ្រកាសព្យែន និងសមុទ្រខ្មៅ អាចកាត់បន្ថយពេលវេលា ធ្វើដំណើរពាក់កណ្តាល រវាងព្រំដែនខាងលិចនៃប្រទេសចិន និងអឺរ៉ុប។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នករិះគន់បានលើកឡើងថា សំណើនេះមានហានិភ័យច្រើន ព្រមទាំងសម្របសម្រួលមហិច្ឆតាសេដ្ឋកិច្ចភូមិសាស្ត្រផ្សេងៗរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន។
ឧបសគ្គក្នុងពាណិជ្ជកម្មពិភពលោក នៅតែបន្តកើតមាន ស្របពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បន្តវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ទៅលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។
ផ្លូវទឹក ដែលបានគ្របដណ្តប់ចំណែក១២% នៃទំហំពាណិជ្ជកម្មសកលមួយនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់រក្សាលំហូរពាណិជ្ជកម្មចូលទៅកាន់តំបន់អឺរ៉ុប។
យោងតាមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលគេស្គាល់ថា (UNCTAD) បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្ម តាមរយៈសមុទ្រក្រហមបានធ្លាក់ចុះ៤២% ក្នុងរយៈពេលពីរខែចុងក្រោយនេះ។
ជាមួយគ្នានេះ សហភាពអឺរ៉ុប(EU)បានចាប់ផ្តើមបើកបេសកកម្មកងទ័ពជើងទឹកដែលហៅថា “បេសកកម្ម Aspides”ដើម្បីការពារកប៉ាល់អឺរ៉ុបពីការវាយប្រហារ និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ឡើងវិញ៕