ដោយ នៅ វឌ្ឈនា
រតនគិរី៖ អាជ្ញាធរខេត្តរតនគិរី និងខេត្តអត្តពឺរបស់ប្រទេសឡាវ បានចាប់ផ្តើមជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។
នៅក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៥ស្តីពី ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ភាគីទាំងពីរបានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ក្នុងឋានៈខេត្តជាប់ភូមិផងរបងជាមួយគ្នា សំដៅដោះស្រាយបញ្ហារួមគ្នា និងពង្រឹងទំនាក់ទំនងនៃខេត្តទាំងពីរកាន់តែប្រសើរឡើង។
ទន្ទឹមគ្នានេះផងដែរភាគីទាំងពីរបានអះអាងឡើងវិញ ក្នុងការប្តេជ្ញាចិត្តធ្វើការរួមគ្នាឲ្យកាន់តែជិតស្និតថែមទៀតលើគ្រប់វិស័យ ពិសេសអនុវត្តនូវសេចក្តីថ្លែងការរួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) បន្តពង្រឹងនឹងបង្ករលក្ខណៈងាយស្រួលដល់សមត្ថកិច្ចនៃខេត្តទាំងពីរ ក្នុងការងារការពារបរិស្ថានព្រំដែន ឧទ្យានជាតិវីរៈជ័យ ខេត្ត រតនគិរី និងដុងអាំផាម ខេត្តអត្តពឺ បន្តសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្ករភេរវកម្ម និងឧក្រិតកម្មឆ្លងដែន បញ្ហាពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ទំនិញខុសច្បាប់ និងការលួចកាប់ឈើលក់ជាដើម។
-->
ជាមួយគ្នានេះភាគីទាំងពីរ បានប្តេជ្ញាឯកភាពគ្នាគោរពបូរណភាពទឹកដី ចូលរួមសហការជួយដល់គណៈកម្មការចម្រុះក្នុងការបោះបង្គោល ការត្រួតពិនិត្យ ការថែរក្សាបង្កោលខណ្ឌសីមា ធានាបាននូវព្រំដែនមួយមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ព្រមទាំងបន្តលើកគម្រោងស្នើសុំរដ្ឋាភិបាល ប្រទេសទាំងពីរលើការអនុម័តការសាងសង់ផ្លូវភ្ជាប់ខេត្តទាំងពីរ ស្របតាមស្មារតីដែលបានលើកឡើង ក្នុងកិច្ចប្រជុំCLVកាលពីពេលកន្លងទៅក្នុងខេត្តសៀមរាប និងការស្នើសុំបើកច្រកទ្វារខេត្តទាំងពីរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង សួរសុខទុក្ខបងប្អូន វិស័យសុខាភិបាល ពិសេសគឺការដោះដូរផ្នែកសេដ្ឋកិច្ចទៅវិញទៅមក។
ភាគីខេត្តទាំងពីរក៏បានជំរុញ ឲ្យមានការរៀបចំតាំងពិព័ណ៌ពាណិជ្ជកម្មប្តូរវេនគ្នា ដើម្បីលើកកម្ពស់ផលិតផល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរព័ត៌មានគ្នាក្នុងរបបគំហើញថ្មីៗលើវិស័យពាណិជ្ចកម្ម ដោយឡែកពាក់ព័ន្ធវិស័យអប់រំបន្តពង្រឹងសហប្រតិបត្តិការ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដោយប្រគល់តួនាទីនេះឲ្យមន្ទីរអប់រំ យុវជន និងកីឡា ក្នុងការរៀបចំនិស្សិតចំនួន៣រូប ក្នុងមួយឆ្នាំទៅសិក្សាលើមុខវិទ្យាភាសាខ្មែរ-ឡាវ។

ព្រមជាមួយគ្នានេះអាជ្ញាធរខេត្តរតនគិរី បានប្តេជ្ញាបន្តសហការផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឲ្យបានទាន់ពេលវេលា ពាក់ព័ន្ធទៅនឹងជម្ងឺរាតត្បាតលើមនុស្ស សត្វនៅតាមព្រំដែន បន្តជំរុញអ្នកវិនិយោគលើវិស័យពាណិជ្ជកម្ម ថាមពល រ៉ែ អគ្គិសនី ទេសចរណ៍ និងផ្លាស់ប្តូរវិស័យវប្បធម៌ សិល្បៈ អប់រំ យុវជន និងកីឡា និងបានឯកភាពបន្តរៀបចំកិច្ចប្រជុំដោយធ្វើម្ចាស់ផ្ទះប្តូរវេនគ្នាក្នុងរយៈពេល២ឆ្នាំម្តង៕