ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់សហរដ្ឋអាមេរិក គឺជាមូលដ្ឋានជំរុញដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងស្ថាប័នផ្សេងទៀត ធ្លាប់បានព្យាករថា សេដ្ឋកិច្ចសកលនឹងដាំក្បាលចុះខ្លាំងបំផុត នៅឆ្នាំ២០២៣ ប៉ុន្តែរឿងបែបនេះមិនបានកើតឡើងឡើយ។
ផ្ទុយទៅវិញ លោកស្រីបញ្ជាក់ថា “កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ បានស្ថិតក្នុងកម្រិត៣,១% លើសពីការរំពឹងទុក ហើយអតិផរណាបានធ្លាក់ចុះ ខណៈតម្លៃទំនិញត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ”។
លោកស្រីបានបន្តថា ឆ្ពោះទៅមុខ យើងនៅតែទទួលស្គាល់អំពីហានិភ័យ ដែលទស្សនវិស័យសកលកំពុងប្រឈមមុខ ហើយយើងត្រូវបន្តតាមដាន ដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។
លោកស្រី Yellen បានអះអាងថា ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក បានគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោក ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ក្នុងការគាំទ្រដល់អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាត និងការវិនិយោគ លើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្តទៀតថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ ហើយទីផ្សារការងារមានភាពរឹងមាំជាប្រវត្តិសាស្ត្រ។ រីឯអត្រាអ្នកគ្មានការងារធ្វើបានថយចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ”។
លោក Yellen បានបញ្ជាក់បន្ថែមថា “ប្រសិនបើវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កើតឡើងនៅឆ្នាំ២០២៣ ដូចដែលអ្នកវិភាគជាច្រើនបានព្យាករណ៍ នោះកំណើនសេដ្ឋកិច្ចសកល នឹងមិនអាចដំនើរការល្អ ហើយអាចស្ថិតក្នុងគ្រោះថ្នាក់ថែមទៀតផង”។ កាលពីខែមករាកន្លងទៅ មូលនិធិ IMF បានបង្កើនការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក នៅក្នុងឆ្នាំ២០២៤នេះ ឡើងដល់៣,១% បើធៀបនឹងការព្យាករណ៍ ក្នុងរង្វង់២,៩ភាគរយកាលពីខែតុលា ឆ្នាំមុន៕