ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលទីក្រុងបាងកក (BMA) បានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ ដើម្បីការពារភ្ញៀវទេសចរបរទេស ពីការដំឡើងថ្លៃហួសកម្រិត ពីសំណាក់អ្នកលក់ដូរនៅក្នុងស្រុក។
រដ្ឋបាលក្រុងបាងកក បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីស្ថានភាពចរាចរណ៍ និងបញ្ហារបស់ភ្ញៀវទេសចរបរទេស ដែលត្រូវបានបង្ខាំងដោយរ៉ឺម៉កកង់៣ និងអ្នករត់តាក់ស៊ី ដោយបង្ខិតបង្ខំពួកគេឱ្យទិញទំនិញ និងសេវាកម្មពីហាងរបស់អ្នកស្គាល់គ្នា។ថ្លែងក្រោយកិច្ចប្រជុំ លោកស្រីWanthanee Wattana លេខា ធិការអចិន្ត្រៃយ៍របស់រដ្ឋបាលទីក្រុងបាងកក បានអះអាងថា យើងនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត និងបំពាក់បណ្តាញកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានការបំពានច្បាប់ចរាចរណ៍ ការបិទចិញ្ចើមផ្លូវដោយអាជីវករ និងការបំពានការហាមចតលើដងផ្លូវធំៗ។
វិធានការផ្សេងទៀត រួមមាន ការបិទស្ទីគ័រនៅលើតុកតុក តាក់ស៊ី និងហាងនានា ដើម្បីបញ្ជាក់ថា សេវាទាំងនេះនឹងមិនគិតថ្លៃលើសពីភ្ញៀវទេសចរ និងត្រូវបានចុះបញ្ជីដោយរដ្ឋបាលក្រុងបាកក។
លោកស្រី Wanthanee បានបន្តថា “រដ្ឋបាល BMA នឹងសហការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីត្រួតពិនិត្យ និងផាកពិន័យជនឆ្លៀតឱកាស ដែលគិតលុយលើសពីភ្ញៀវទេសចរ ដោយកត់សម្គាល់ថា ខ្លួនក៏នឹងស្វែងរកជំនួយពីសាធារណជន ដើម្បីតាមដានឧក្រិដ្ឋកម្មបែបនេះផងដែរ”។
លោកស្រីបានបន្ថែមថា “រដ្ឋបាលក៏នឹងផ្តល់ព័ត៌មាន ដែលមានប្រយោជន៍សម្រាប់ភ្ញៀវទេសចរ ដូចជាការផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទ ដែលអាចហៅទៅស្នើសុំជំនួយ ឬការបោះពុម្ពសៀវ ភៅណែនាំប្រាប់ភ្ញៀវទេសចរ អំពីហាងដែលលក់ទំនិញ និងសេវាកម្មក្នុងតម្លៃសមរម្យ”៕