ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយ ដែលមានឈ្មោះថា Large Infrastructure Projects បានប្រកាសពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ស្ថិតក្រោមគំនិតផ្តួចផ្តើម ABC+De។
គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនប្រភេទ Motorway ដែលមានប្រវែង៧៨៦ម៉ាយ(១.២៦៥គីឡូម៉ែត្រ) ដោយតភ្ជាប់បណ្តាប្រទេសសមាជិក របស់សហភាពអឺរ៉ុប (EU) ចំនួន៥ ជាមួយប្រទេសទួរគី ដើម្បីសម្រួលការធ្វើដំណើរនៅទូទាំងទ្វីបអឺរ៉ុប។
-->
គម្រោងផ្លូវល្បឿនលឿននេះ លាតសន្ធឹងទៅលើប្រទេសប៊ុលហ្គារី រូម៉ានី ក្រិច ហុងគ្រី ស្លូវ៉ាគី និងទួរគី។ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួល ដល់ការធ្វើដំណើររវាងតំបន់ភាគឦសាន និងតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ដែលធ្វើឱ្យការធ្វើដំណើរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean មានភាពរលូន និងមានប្រសិទ្ធភាព។
បច្ចុប្បន្ននេះ ការធ្វើដំណើររវាងតំបន់ទាំង២ គឺជាបញ្ហាប្រឈមដ៏ធំធេងមួយ ដោយសារកង្វះនៃការតភ្ជាប់ផ្លូវល្បឿនលឿន ក្នុងតំបន់។ ជាលទ្ធផល អ្នកដំណើរត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវ ដែលមានស្រាប់ដោយឆ្លងកាត់តំបន់អឺរ៉ុបកណ្តាល ដែលនាំឱ្យការធ្វើដំណើរត្រូវចំណាយពេលច្រើន និងមានភាពធុញទ្រាន់។
គម្រោងគំនិតផ្តួចផ្តើម ABC+De ត្រូវបានបង្កើតឡើង ក្នុងគោលបំណង លុបបំបាត់ឧបសគ្គទាំងនេះ ដោយបង្កើតបណ្តាញផ្លូវល្បឿនលឿនប្រភេទ Motorway ត្រង់ដោយផ្ទាល់ និងតភ្ជាប់ឱ្យបានយ៉ាងរលូនល្អ។
ក្រុមហ៊ុន Large Infrastructure Projects បានស្រមៃទៅដល់អនាគតមួយ ដែលការបើកបរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean ក្លាយជាការពិតប្រចាំថ្ងៃ និងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនកាន់តែរលូន និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសដែលចូលរួម។
គម្រោងផ្លូវល្បឿនលឿននេះ នឹងមិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ចំណែក ប្រទេសចំនួន៦ ដែលចូលរួមក្នុងគម្រោងនេះ នឹងទទួលបានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាលទ្ធផលផ្លែផ្កាកើតចេញពីគម្រោងខ្នាតធំនេះ៕