ដោយៈ គង់ សូរិយា
កំពតៈ ខេត្តកំពត ដែលមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តផងដែរនោះ នៅតែទាក់ទាញការចាប់អារម្មណ៍លើការទិញ លក់ដីធ្លីឬយ៉ាងណានៅដើមឆ្នាំ២០២៤នេះ?។
អ្នកជំនាញដីធ្លីនៅមូលដ្ឋាន លោកគឹម សង្រ្គាមនាយកប្រតិបត្តិក្រុមហ៊ុនHIPPO Project Salesបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៦ មិនាថា គិតរហូតមកទល់ពេលនេះការទិញលក់ដីឡូត៍ ដីលំហែរមានសភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែមានចរន្តទិញលក់ដីបែបរមណីយដ្ឋាន ដែលអ្នកទិញភាគច្រើនមកពីរាជធានីភ្នំពេញ។
លោកបន្តថា “មានសកម្មភាពទិញលក់លើដី ដែលអាចសាងសង់ជារមណីយដ្ឋានតូចធំខ្លះៗ ដែលទំហំទឹកប្រាក់វិនិយោគមានតូច ធំអាស្រ័យលើទីតាំងអំណោយផល”។ លោកបន្តថា “តម្លៃដីនៅក្នុងខេត្តកំពតមិនសូវមានការធ្លាក់ចុះទេ លើកលែងតែម្ចាស់ប្រញាប់លុយ ដែលបានដាក់លក់បន្ទាន់”។
អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនកាលពីពេលថ្មីៗនេះ បានប្រកាសរៀបចំព្រែកទាំងអស់ក្នុងខេត្តកំពត ជាតំបន់អភិវឌ្ឈន៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ចំណែកលោក យឺ វណ្ណី អ្នកជំនាញដីធ្លីនៅខេត្តកំពត និងធ្លាប់បានអភិវឌ្ឈន៍ដីឡូត៍ផ្ទាល់ខ្លួន បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សម្រាប់អ្វី ដែលលោកផ្តោតនាពេលបច្ចុប្បន្ននេះ គឺផលិតវីដេអូផ្សព្វផ្សាយ ឲ្យម្ចាស់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ស្របពេលទីផ្សារ និងចរន្តទិញលក់ដីធ្លី នៅតែបន្តស្ងប់ស្ងាត់នៅដើមឆ្នាំ២០២៤នេះ។
លោកបន្តថា “យើងសង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងនាពេលខាងមុខ ខណៈសេដ្ឋកិច្ចរបស់ប្រទេស កំពុងបង្ហាញកំណើនល្អប្រសើរបណ្តើរៗ។
ក្រៅពីដងព្រែកដ៏ខ្វាត់ខ្វែង ខេត្តកំពតក៏មានសក្តានុពលលើតំបន់កំពូលភ្នំបូកគោ ដែលក្រុមហ៊ុនSokha Real Estateកំពុងសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ នៅចំណុចវាលស្រែ៥០០ ដែលពេលសាងសង់រួច ពុទ្ឋបដិមានេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនទៅទស្សនា និងបន់ស្រន់សុំសេចក្តីសុខ ចម្រើននៅក្នុងខេត្តនេះ៕