ទីផ្សារជួលទីតាំងអាជីវកម្មនៅក្រុងភ្នំពេញស្ថិតក្នុងសភាពមិនច្បាស់លាស់

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារជួលផ្ទះ ឬទីតាំងអាជីវកម្មណាមួយ ស្ថិតនៅក្នុងសភាពមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមានការបើក និងបិទជាបន្តបន្ទាប់។

       លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អាជីវកម្មបើកថ្មី មួយចំ​នួន មិនសូវដំណើរការល្អប្រសើរទេ ដោយហាងខ្លះបានបើក និងបិទទៅវិញជាបន្តបន្ទាប់ ខណៈពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បានធ្វើឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងការចំណាយ។លោកបន្តថា “អាជីវកម្ម ដែលមានម៉ាកយីហោល្បី និងអាចឈរជើងបាន៣ទៅ៥ឆ្នាំក្នុងទីផ្សារ នៅតែអាចដំណើរការបាន ប៉ុន្តែអាជីវកម្មបើកថ្មីមួយចំនួន បានប្រឈមហានិភ័យផងដែរ”។ លោកបន្តថា “ទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្ម ដែលមានតម្លៃចាប់ពី៥០០០ទៅ១ម៉ឺនដុល្លារ ពិបាករកភ្ញៀវជួល ដោយសារម្ចាស់អាជីវកម្ម និងក្រុមហ៊ុន​មួយចំនួនបានកាត់បន្ថយការចំណាយរបស់ពួកគេ”។

លោកប៉ូ អ៊ាវគង់បានបន្តថា ម្ចាស់អាជីវកម្មនានាបានកាត់បន្ថយ​ការចំណាយលើការជួល ហើយពួកគេបានចាប់ផ្តើមផ្តោតលើការផ្សព្វ​ផ្សាយតាមបែបDigital Marketing ជាជាងចំណាយលើការជួលទីតាំងដែលមានតម្លៃខ្ពស់។ លោកបន្តថា តាមការសង្កេត មានការបំលែងដីនៅតំបន់ជាយក្រុង ធ្វើជាទីតាំងអាជីវកម្មបែបសហគមន៍ច្រើន ធ្វើឲ្យតំបន់កណ្តាលក្រុង ដែលមានតម្លៃជួលថ្លៃប្រឈមការលំបាកក្នុងការរកភ្ញៀវជួល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារជួលទីតាំងធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញ មានតម្រូវការបណ្តើរៗ ប៉ុន្តែតម្លៃមិនអាចទាមទារខ្ពស់បានឡើយ ស្របពេលស្ថានភាពទីផ្សារកាន់តែមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here