តើការវិនិយោគលើវិស័យអចលនទ្រព្យរបស់ប្រទេសចិន មានស្ថានភាពបែបណានៅដើមឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ៩ភាគរយ ក្នុងរយ:ពេលពីរខែដំបូងដើមឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។

យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយដោយការិយា​ល័យស្ថិតិជាតិ (NBS) កាលពីពេលថ្មីៗនេះ បានបង្ហាញថា វិស័យអចលនទ្រព្យចិន ក៏បានជួបប្រទះជាមួយនឹងការធ្លាក់ចុះ នៃតម្លៃផ្ទះផងដែរ ខណៈកាលពីខែកុម្ភៈកន្លងទៅ តម្លៃផ្ទះនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងរង្វង់០,៣ភាគរយ។

ជាមួយគ្នានេះ លោក Nie Wen សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Hwabao Trust Co.,LTD. បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសចិន នៅតែបន្តនិន្នាការធ្លាក់ចុះ។ លោកបន្តថា “ការវិនិយោគទៅលើវិស័យអចលនទ្រព្យចិន អាចនឹងបន្តធ្លាក់ចុះ  ស្របពេលដែលអ្នកអភិវឌ្ឍន៍ជាច្រើន មិនទាន់អាចងើបចេញពីវិបត្តិបំណុលបាននៅឡើយ”។

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលរបស់ប្រទេស​ចិន ​បាន​និង​កំពុង​បន្តដាក់ឱ្យអនុវត្តវិធានការជាច្រើន ​ដើម្បី​ស្តារវិស័យ​អចលនទ្រព្យ​ ចេញពីវិបត្តិ​។

តួយ៉ាង​ ទីក្រុងប៉េកាំង បានប្រើប្រាស់យន្តការថ្មីមួយ ដែលហៅថា “បញ្ជីស” កាលពីខែមករា ដើម្បីបញ្ចេញមូលនិធិពីធនាគាររដ្ឋ ចូលទៅក្នុងគម្រោងអចលនទ្រព្យមួយចំនួន ដែលត្រូវបានអនុម័តយល់ព្រមដោយរដ្ឋាភិបាល។

គិតត្រឹមខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលចិន បានអនុម័តកញ្ចប់ថវិ​កា​សម្រាប់ជួយស្តារវិស័យអចលនទ្រព្យ ក្នុងទំហំទឹកប្រាក់ប្រមាណ២៨ពាន់លានដុល្លារ។ កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ជួយដល់គម្រោងអចលនទ្រព្យជាង៦ពាន់គម្រោង ដែលក្នុងនោះចំនួន៨២% នៃគម្រោងសរុប គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានប្តេជ្ញាថា ខ្លួននឹងបន្តគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជួបទុក្ខលំបាក តាមរយៈមធ្យោបាយផ្តល់ហិរញ្ញប្បទាន ដោយសមហេតុផល ប៉ុន្តែរដ្ឋាភិបាលមិនជួយអ្នកអភិវឌ្ឍន៍ ដែលប្រឈមនឹងការក្ស័យធននោះទេ។

ប៉ុន្តែទោះបីជាមានវិធានការជាច្រើន រួចមកហើយយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យចិន នៅតែបន្តដាំក្បាលចុះ ខណៈការទិញផ្ទះ ការផ្តល់ហិរញ្ញប្បទាន និងការចាប់ផ្តើមសាងសង់គម្រោងឡើងវិញ របស់ក្រុមហ៊ុនអចលនទ្រព្យចិន នៅតែបន្តជាប់គាំងនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here