ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មានអង់គ្លេស BBC បានចុះផ្សាយថា លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande កំពុងរងការចោទប្រកាន់ ពីបទបំប៉ោងប្រាក់ចំណូលចំនួន៧៨ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ មុនពេលដែលក្រុមហ៊ុននេះបានខកខានបំណុលរបស់ខ្លួន។
ក្រុមនិយតករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន បានផាកពិន័យក្រុមហ៊ុនអចលនទ្រព្យ Hengda Real Estate ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Evergrande ចំនួន៥៨៣,៥លានដុល្លារ ។
រីឯ លោក Hui Ka Yan ត្រូវបានពិន័យជាទឹកប្រាក់ចំនួន៦,៥លានដុល្លារ និងប្រឈមមុខនឹងការហាមឃាត់ មិនឱ្យឈានជើងចូលទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន អស់មួយជីវិតថែមទៀតផង។
កាលពីខែមករាកន្លងទៅ តុលាការក្រុងហុងកុងបានបញ្ជាឱ្យរំលាយក្រុមហ៊ុន Evergrande ខណៈគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានដាក់ការស្តីបន្ទោសទៅលើលោក Hui ចំពោះការចោទប្រកាន់ថា លោកបាន ក្លែងបន្លំលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន Hengda ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក Hui ដែលជាប្រធានក្រុមហ៊ុន Evergrande ក៏ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមការឃ្លាំមើលរបស់ប៉ូលីសផងដែរ ខណៈដែលលោក Hui ត្រូវបានស៊ើបអង្កេតជុំវិញការសង្ស័យថា លោកបានប្រព្រឹត្តឧក្រិដ្ឋកម្មខុសច្បាប់។
ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មិនទាន់អាចស្ទុះងើបចេញពីវិបត្តិបាននៅឡើយ ខណៈដែលវិស័យនេះគ្របដណ្តប់ប្រហែលមួយភាគបី នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
វិស័យអចលនទ្រព្យចិនបាន និងកំពុងជាប់ផុងក្នុងវិបត្តិបំណុល ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ ដែលនៅពេលនោះ ទីក្រុងប៉េកាំង បានទប់ស្កាត់ មិនឱ្យធនាគារផ្តល់កម្ចីដល់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យ រហូតនាំឱ្យក្រុមហ៊ុន អចលនទ្រព្យធំៗជាច្រើនខកខានបំណុល និងគ្មានដើមទុនបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន៕