តើអគារអាផាតម៉ិនថ្លៃជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង មានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមតារាងតម្លៃលំនៅដ្ឋានចុងក្រោយបំផុត ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញថា អគារ Penthouse Cheongdam ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល បន្តជាប់ចំណាត់ថ្នាក់ ជាអគារអាផាតម៉ិនថ្លៃបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង។

អគារ The Penthouse Cheongdam បានរក្សាតំណែងកំពូលជាអាផាតម៉ិន ដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេល៤ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០២០។

អគារអាផាតម៉ិននេះ មានផ្ទះចំនួន២៩យូនីត ដែលតារាល្បីៗជាច្រើន រួមទាំងគូស្នេហ៍តារាសម្តែងអ្នកនាង Ko So-young និងលោក Jang Dong-gun ក៏ដូចជាកីឡាករវាយកូនហ្គោល ដែលឈ្នះពានរង្វាន់ LPGA Tour 21 អ្នកនាង Park In-bee ត្រូវបានគេរាយការណ៍ថា កំពុងស្នាក់នៅក្នុងអាផាតម៉ិននេះ។

អាផាតម៉ិននៅក្នុងអគារនេះ មានតម្លៃ១៦,៤ពាន់លានវ៉ុន(ប្រហែល១២,២លានដុល្លារ) ក្នុង១យូនីត ដែលមានទំហំ៤០៧,៧១ម៉ែត្រការ៉េ ប៉ុន្តែនេះគ្រាន់តែជាតម្លៃ ដែលបង្ហាញឱ្យដឹងជាសាធារណៈប៉ុណ្ណោះ ខណៈតម្លៃទីផ្សារពិតប្រាកដអាចមានកម្រិតខ្ពស់ជាងនេះ។

តម្លៃ​ដែល​បាន​លាតត្រដាង​ជា​សាធារណៈ ​នៃ​អគារ​អាផាតម៉ិន​ប្រណីត​ The Penthouse Cheongdam នេះបាន​កើន​ឡើង១៦០លាន​វ៉ុន(ប្រហែល១១៩.៤៤៣ដុល្លារ) បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២៣កន្លងទៅ។

ចំណែកឯ អគារអាផាតម៉ិន ដែលមានតម្លៃខ្ពស់ជាងគេបំផុតទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺអគារ Eterno Cheongdam ដែលស្ថិតនៅក្នុងតំបន់ដូចគ្នានឹងអគារ Penthouse Cheongdam។ តម្លៃដែលបានបង្ហាញឱ្យដឹងជាសាធារណៈ នៃអគារអាផាតម៉ិនមួយនេះ គឺ១២,៨ពាន់លានវ៉ុន ក្នុងមួយយូនីត ដែលមានទំហំ៤៦៤,១១ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here