ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនរដ្ឋចិន Sinopec និងក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សរបស់ប្រទេសបារាំង TotalEnergies បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF)។
យោងតាមសេចក្តីថ្លែងការណ៍បានបង្ហាញថា ក្រុមហ៊ុនទាំង២ នឹងរួមគ្នាសាងសង់ និងដំណើរការអង្គភាពផលិតឥន្ធនៈ អាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) នៅឯរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Sinopec ក្នុងប្រទេសចិន ដោយមានសមត្ថភាពផលិតឥន្ធនៈSAF ប្រចាំឆ្នាំចំនួន២៣ម៉ឺនតោនក្នុងមួយឆ្នាំ។
-->
ការប្រើប្រាស់ឥន្ធនៈ SAF អាចកាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រហែល៨០% បើធៀបនឹងឥន្ធនៈយន្តហោះធម្មតា។ នេះបើយោងតាមទិន្នន័យ ដែលដកស្រង់ដោយក្រុមហ៊ុន ផលិតយន្តហោះ Airbus ។
សហភាពអឺរ៉ុបគ្រោងដាក់ចេញវិធានការ ដែលតម្រូវឱ្យអាកាសយានដ្ឋានលាយបញ្ចូលប្រេងឥន្ធនៈ SAF ក្នុងអត្រា២%នៃល្បាយឥន្ធនៈសរុប ចាប់ពីឆ្នាំ២០២៥តទៅ។ ចំណែកនៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ឱ្យអនុវត្តន៍ឥណទានពន្ធសម្រាប់ផលិតកម្មប្រេង SAF ស្ថិតក្រោមច្បាប់កាត់បន្ថយអតិផរណា(IRA)។
រោងចក្រផលិតប្រេងឥន្ធនៈSAF នឹងប្រើប្រាស់ប្រេងចម្អិនអាហារដែលគេប្រើរួច (UCO) ជាវត្ថុធាតុដើម។ ប្រទេសចិន គឺជាប្រទេសផលិត ប្រេងចម្អិនអាហារដែលគេប្រើរួច ដ៏ធំបំផុតរបស់ពិភពលោក ដែលបង្កើតបានប្រហែល១១,៤ពាន់លានលីត្រ ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទិន្នន័យ ដែលបានដកស្រង់ដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ ក្រុមហ៊ុនចិន Sinopec កំពុងដំណើរការរោងចក្រចម្រាញ់ប្រេង SAF ដែលមានស្រាប់នៅទីក្រុង Zhenhai ក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន ដែលមានសមត្ថភាពផលិតប្រេងចំនួន១០ម៉ឺនតោនក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណាក្តី ទីក្រុងប៉េកាំងមិនបានដាក់ចេញនូវគោលនយោបាយ ដូចជាការឧបត្ថម្ភធន ដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រេងឥន្ធនៈ SAF នៅក្នុងទីផ្សារអាកាសចរណ៍ ក្នុងស្រុករបស់ខ្លួននោះទេ៕