ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Times of India បានចុះផ្សាយថា ប្រទេសកម្ពុជា មានភាពស្រស់ស្អាត ក្នុងអំឡុងខែមេសា ហើយបើលោកអ្នកមានគម្រោងមកលេងកម្ពុជា ក្នុងខែនេះ លោក អ្នកនឹងទទួលបានភាពសប្បាយរីករាយបំផុត។
ខែមេសាជាពេលវេលាដ៏ល្អ ក្នុងការស្វែងយល់ពីប្រទេសកម្ពុជា ព្រោះអាកាសធាតុមានភាពកក់ក្តៅ និងស្ងួត។
ខាងក្រោមនេះគឺជាគោលដៅទាំង៥ ដែលអ្នកគួរតែទៅទស្សនា ក្នុងប្រទេសកម្ពុជាសម្រាប់ខែមេសាខាងមុខ។
ទី១ ប្រាសាទអង្គរវត្ត
ខែមេសា គឺជាពេលវេលាដ៏ល្អ ដែលអ្នកគួរតែទៅទស្សនាប្រាសាទអង្គរវត្ត ព្រោះអាកាសធាតុនៅទីនោះ មានពន្លឺថ្ងៃជាធម្មតា ប៉ុន្តែមិនក្តៅពេកទេ។ អ្នកអាចទស្សនាចម្លាក់ ស្ថាបត្យកម្មដ៏គួរឲ្យភ្ញាក់ផ្អើល និងទីធ្លាដ៏ធំទូលាយ នៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ។ទី២ រាជធានីភ្នំពេញ
ភ្នំពេញ គឺជារាជធានីរបស់ប្រទេសកម្ពុជា ដែលផ្តល់នូវទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ និងភាពទំនើប។ លោកអ្នកអាចទៅទស្សនាព្រះបរមរាជវាំង និងវត្តព្រះកែវមរកត ដែលមានកម្រាលឥដ្ឋធ្វើអំពីប្រាក់។ ម្យ៉ាងទៀត លោកអ្នកក៏អាចស្វែងយល់ ពីប្រវត្តិសោកនាដកម្មនៃរបបខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងវាលពិឃាតបឹងជើងឯកផងដែរ។ទី៣ ទីក្រុងព្រះសីហនុ
ប្រសិនបើលោកអ្នក កំពុងស្វែងរកពេលវេលា សម្រាកកំសាន្តបែបឆ្នេរសមុទ្រ អ្នកគួរតែធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។ លោកអ្នកអាចរីករាយ ជាមួយនឹងការស្រូបពន្លឺព្រះអាទិត្យ ទេសភាពឆ្នេរខ្សាច់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរអូត្រេស ឬឆ្នេរ Serendipity។លើសពីនេះ លោកអ្នកក៏អាចធ្វើដំណើរ តាមទូកទៅកាន់កោះក្បែរៗនោះ សម្រាប់ដំណើរផ្សងព្រេងមុជទឹកផងដែរ។
ទី៤ ទីក្រុងបាត់ដំបង
ទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលផ្តល់នូវទិដ្ឋភាពជីវិតបែបប្រពៃណីខ្មែរ។ ជាមួយគ្នានេះ លោក អ្នកក៏អាចស្វែងយល់ពីស្ថាបត្យកម្ម ដែលបន្សល់ទុកពីសម័យអាណានិគម ទស្សនាផ្សារក្នុងស្រុក និងជិះឡូរីផងដែរ។ទី៥ ប្រាសាទកោះកេរ
ដើម្បីទទួលបាននូវបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមក លោក អ្នក អាចទៅទស្សនាប្រាសាទកោះកេរ ដែលជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ទីក្រុងបុរាណនេះ ធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរ និងសម្បូរទៅដោយប្រាសាទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន៕