ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសបារាំង បានសម្រេចផ្តល់ជំនួយឥណទាន៧៩លានអឺរ៉ូ សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទឹកនៅក្នុងប្រទេសកម្ពុជា ខណៈដែលដំណើរការនៃការដេញថ្លៃ រួមជាមួយនឹងការសាងសង់ នឹងត្រូវចាប់ផ្តើមនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រោមកិច្ចសហប្រត្តិបត្តិការយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាច្រើនឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសបារាំង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ ព្រឹកមិញនេះ រដ្ឋាភិបាលតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានផ្តល់ជំនួយជាឥណ្ឌទានសំរាប់ការកសាងឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹក រួមមានដូចជា ការកែលំអរប្រព័ន្ធធារាសាស្រ្ត និងការធ្វើអនុត្តរភាព ការពង្រឹងពង្រីកការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងធនធានទឹកចម្រុះតាមរយៈការប្រព័ន្ធផ្កាយរណប និងការធ្វើទំនើបកម្មកសិកម្ម។






