ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសបារាំង បានសម្រេចផ្តល់ជំនួយឥណទាន៧៩លានអឺរ៉ូ សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទឹកនៅក្នុងប្រទេសកម្ពុជា ខណៈដែលដំណើរការនៃការដេញថ្លៃ រួមជាមួយនឹងការសាងសង់ នឹងត្រូវចាប់ផ្តើមនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រោមកិច្ចសហប្រត្តិបត្តិការយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាច្រើនឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសបារាំង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ ព្រឹកមិញនេះ រដ្ឋាភិបាលតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានផ្តល់ជំនួយជាឥណ្ឌទានសំរាប់ការកសាងឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹក រួមមានដូចជា ការកែលំអរប្រព័ន្ធធារាសាស្រ្ត និងការធ្វើអនុត្តរភាព ការពង្រឹងពង្រីកការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងធនធានទឹកចម្រុះតាមរយៈការប្រព័ន្ធផ្កាយរណប និងការធ្វើទំនើបកម្មកសិកម្ម។
ការចុះហត្ថលេខា និងការផ្តល់ឥណទានត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានដូចជា ដូចជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចុះហត្ថលេខាលើចំនួនថវិកា ៧៩លានអឺរ៉ូ ដែលប្រព្រឹត្តធ្វើឡើងរវាង អគ្គបណ្ឌិតសភា និងជាឧបនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនរ័ត្ន និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ មានការចុះហត្ថលេខាបន្តរវាង រដ្ឋលេខាធិការប្រចាំការលោក វង្សី វិស្សុត ជាមួយភាគី AFD លើកញ្ចប់ថវិកាចំនួន ១១,៥លានអឺរ៉ូ បន្ថែមដោយមានការចូលរួមពីលោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៉ិញ។
ជាមួយនឹងគម្រោងដូចដែលបានលើកឡើងខាងលើនេះ ក៏មានការចូលរួមបដិភាគថវិការបស់រាជរដ្ឋាភិបាលកម្ពជាចំនួន ១២,៥លានអឺរ៉ូផងដែរ ដែលធ្វើឲ្យទំហំវិនិយោគសរុបមានចំនួន៨៩លានអឺរ៉ូ ស្មើនឹងប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក៕






