ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញ ៖ ផ្សារទំនើបស្ថិតគំរោង The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រនឹងបើកដំណើរការនៅខែឧសភាខាងមុខនេះហើយ បន្ទាប់ពីពន្យាពេលមួយរយៈរួចមក។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ា សៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៧ មិនានេះថា ផ្សារទំនើបនេះនឹងរៀបចំជាលក្ខណៈ Community Mall ដែលមានកំពស់៥ជាន់ នៃអាគារកំពស់៤៥ជាន់ក្នុងគំរោងនេះ ដែលមានផ្ទះសរុបចំនួន២៧០០យូនីត។លោកបន្តថា ផ្សារទំនើបនេះមានចំណតយានយន្តរាប់ពាន់ ដែលអនុញ្ញាត្តឲ្យអ្នកដើរផ្សារ អាចចតយានយន្តបានងាយស្រួល និងមិនលំបាកស្វែងរកចំណត។
លោកបន្តថា “ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ព្រោះយើងមានអតិថិជននៅក្នុងគំរោងនេះស្រាប់រួចទៅហើយ”។ លោកបន្តថា “បច្ចុប្បន្នក្នុងចំណោមផ្ទះ២៧០០យូនីត មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយរួចហើយ ហេតុនេះយើងមិនបារម្ភនោះទេ ព្រោះយើងមានអតិថិជនស្រាប់”។
ផ្សារនេះស្ថិតនៅលើផ្លូវឆ្ពោះមកកាន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមនរាជធានីភ្នំពេញ។
ក្រុមហ៊ុន World Bridge Group បានវិនិយោគគំរោង The Bridge រួមគ្នាជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសសឹង្ហបុរី Oxley Holdingដែលជាក្រុមហ៊ុនលំដាប់យក្សមួយ មានបទពិសោធន៍ខ្ពស់ក្នុងការវិនិយោគវិស័យអចលនទ្រព្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសសឹង្ហបុរី៕