ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានសេដ្ឋវិទូនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) លោក Khor Hoe Ee បានព្យាករណ៍ថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ឬប្រទេសអ្នកមាននៅឆ្នាំ២០៣០ខាងមុខ ដោយសារតែការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោក Khor បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការបើកសម្ពោធរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ឆ្នាំ២០២៤ ថា “យើងមានសុទិដ្ឋិនិយមថា ដរាបណាប្រទេសម៉ាឡេស៊ីអាចរក្សាបានវិន័យសារពើពន្ធ និងរូបិយវត្ថុ នោះលំហូរនៃការវិនិយោគថ្មីពីបរទេស នឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
-->
លោកបានបន្ថែមថា “ម៉ាឡេស៊ីបានដាក់ចេញគោលដៅបញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម ដើម្បីឆ្ពោះទៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅចុងទសវត្សរ៍នេះ ហើយគ្មានហេតុផលណាមួយ ដែលម៉ាឡេស៊ីមិនអាចធ្វើបាននោះទេ”។
យោងតាមទិន្នន័យបានបង្ហាញថា “លំហូរFDIចូលមកកាន់ប្រទេសម៉ាឡេស៊ី មានទំហំទឹកប្រាក់ខ្ពស់ រហូតដល់ចំនួន២០៨,៦ពាន់លានរីងហ្គិត ក្នុងឆ្នាំ២០២១ តាមពីក្រោយដោយលំហូរFDI ចំនួន១៦៣,៣ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២២ និងលំហូរFDI ចំនួន១២៥,៧ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៣”។
នៅក្នុងឆ្នាំ២០២៣ ផលទុនជាតិសរុប(GDP) សម្រាប់ប្រជាជនម៉ាឡេស៊ីម្នាក់ៗ មានទំហំទឹកប្រាក់ចំនួន១១.១៤១ដុល្លារអាមេរិក ប៉ុន្តែដើម្បីក្លាយជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់ ប្រជាជនម៉ាឡេស៊ីម្នាក់ៗ ត្រូវមានចំណូល១៣.៨៤៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមការកំណត់របស់ធនាគារពិភពលោក។
ប៉ុន្តែទោះជាយ៉ាងណាក្តី លោក Allen Ng សេដ្ឋវិទូមួយរូបទៀតនៅស្ថាប័ន AMRO បានលើកឡើងថា “ អ្វីដែលសំខាន់ជាងនេះទៀត ដែលយើងចង់គូសបញ្ជាក់ នៅក្នុងរបាយការណ៍របស់យើងថា ប្រទេសម៉ាឡេស៊ី ព្រមទាំងបណ្តាប្រទេស ក្នុងតំបន់ជាច្រើនទៀត នៅតែបន្តប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធ”។
លោក Ng បានបន្ថែមថា “ម៉ាឡេស៊ីមិនអាចគេចផុតពីបញ្ហាប្រឈមរយៈពេលវែងទូទៅ ចំពោះទស្សនវិស័យសេដ្ឋកិច្ច ដោយលោកកត់សម្គាល់ថា ម៉ាឡេស៊ីចាំបាច់ត្រូវគ្រប់គ្រងប្រជាសាស្រ្ត ដែលមានវ័យចំណាស់ កំណើនផលិតភាព និងកម្លាំងពលកម្មជំនាញរបស់ខ្លួន”៕ ប្រភព: The Edge Malaysia៕