ដោយៈ សហសេវិក
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំតុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយ របស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្ត ទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ»។







