ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានព្យាករណ៍ថា ថ្លៃជួលដីឧស្សាហកម្មនៅភាគខាងត្បូង ប្រទេសវៀតណាម នឹងកើនឡើង៧% ខណៈដីនៅភាគខាងជើង នឹងកើនឡើង៩% នៅជារៀងរាល់ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។
ក្រុមហ៊ុន CBRE បានបញ្ជាក់នៅក្នុងរបាយការណ៍ ប្រចាំត្រីមា សទីមួយរបស់ខ្លួនស្តីពី ទីផ្សារអចលនទ្រព្យថា “តម្រូវការពីវិស័យឧស្សាហកម្មផ្សេងៗ និងក្រុមហ៊ុនអាជីវកម្មបរទេស នឹងជំរុញឱ្យថ្លៃជួលដីឧស្សាហកម្ម នៅទូទាំងប្រទេសវៀតណាមកើនឡើង”។
-->
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើបានអះអាងថា សក្តានុពលសម្រាប់កំណើននេះ អាចត្រូវបានគេមើលឃើញ តាមរយៈដំណើរការរបស់ផ្នែកដីឧស្សាហកម្ម នៅក្នុងត្រីមាសទីមួយកន្លងទៅ។
តួយ៉ាង នៅភាគខាងជើង ប្រទេសវៀតណាម ថ្លៃជួលជាមធ្យមនៅក្នុងទីផ្សារកំពូល ដូចជា ទីក្រុងហាណូយ និងទីក្រុង Hai Phong និងខេត្ត Bac Ninh ខេត្ត Hung Yen និងខេត្ត Hai Duong បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧,៨% ដល់១៣៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១។
ជាមួយគ្នានេះ អត្រានៃការជួល ឬការកាន់កាប់ដីធ្លីជាមធ្យម(Occupancy rate)នៅតំបន់ឧស្សាហកម្ម ក៏បានកើនឡើង១,៣ភាគរយ ដល់អត្រា៨៣ភាគរយផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE ដដែល។
ទន្ទឹមនឹងនោះ តំបន់ឧស្សាហកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ និងខេត្ត Binh Duong ខេត្ត Dong Nai និងខេត្ត Long An មានអត្រាជួលកាន់កាប់៩២% ដូចគ្នាទៅនឹងឆ្នាំមុន ហើយតម្លៃជួលជាមធ្យម បានកើនឡើង២,៤%ដល់១៨៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុន CBRE បានបន្ថែមថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មផ្សេងទៀត ដូចជា ថ្លៃជួលឃ្លាំងបានកើនឡើង២,២ភាគរយ និងថ្លៃជួលរោងចក្រ បានកើនឡើង៣,៩ភាគរយ ជាមួយនឹងអត្រាជួលកាន់កាប់ដ៏ខ្ពស់ចាប់ពី៥៧%ទៅដល់៨៧% ៕ប្រភព:VNexpress៕