ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាពីក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងបន្តដាំក្បាលចុះបន្ថែមទៀត ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីស្តារវិស័យនេះឱ្យស្ទុះងើបឡើងវិញមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។
ក្រុមហ៊ុនខាងលើវាយតម្លៃថា រដ្ឋាភិបាលចិនត្រូវចំណាយថវិកាជាង១៥ទ្រីលានយ័ន (ប្រមាណ២,១ទ្រីលានដុល្លារ) ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលកំពុងញាំញីនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។
ធនាគារវិនិយោគអាមេរិកមួយនេះបានបន្តឱ្យដឹងទៀតថា រដ្ឋាភិបាលចិនត្រូវជួយដល់អ្នកអភិវឌ្ឍន៍ ក្នុងការផ្តល់មូលនិធិ ដើម្បីបញ្ចប់ការសាងសង់គម្រោងដែលជាប់គាំង ដើម្បីជួយធានាស្ថិរភាពសង្គម និងធ្វើឱ្យបញ្ហានៃការផ្គត់ផ្គង់ផ្ទះលើសតម្រូវការ វិលទៅកាន់កម្រិតធម្មតាឡើងវិញ និងកាត់បន្ថយការចុះកិច្ចសន្យាប្រចាំឆ្នាំក្នុងការសាងសង់គម្រោងអចលនទ្រព្យថ្មី។
ក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បូករួមទាំងលោក Lisheng Wang បាននាំគ្នាលើកឡើងថា ការដោះស្រាយបញ្ហាទាំងនេះ អាចជួយធានាបាននូវស្ថិរភាពសង្គម ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ។






