ដោយ: គង់ លាងហួរ
បាងកក: យោងតាមនាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ក្រុមអ្នកវិនិយោគដែលដឹកនាំ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងឌូបៃ កំពុងពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេ បំផុតនៅលើពិភពលោក នៅក្នុងប្រទេសថៃ។
បច្ចុប្បន្ននេះ អគារBurj Khalifa នៅប្រទេសអារ៉ាប់រួម គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់៨២៨ម៉ែត្រ ខណៈអគារ ដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃ នាពេលបច្ចុប្បន្ន មានកម្ពស់៣១៨ម៉ែត្រ និងមាន៧០ជាន់ ដែលអគារនោះ មានឈ្មោះថា Magnolias Waterfront Residences Iconsiam។
លោកសេដ្ឋា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបានជួបជាមួយក្រុមហ៊ុន មកពីតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន ដូចជា ក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ដោយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត”។






