ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទីផ្សារដីធ្លី និងផ្នែកនៃអចលនទ្រព្យដទៃទៀត នៅក្នុងខេត្តមណ្ឌលគិរី នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ បើទោះជាមានក្រុមហ៊ុនពហុជាតិសាសន៍មួយ បាននិងកំពុងសិក្សាសាងសង់ព្រលានយន្តហោះក្តី។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារដីធ្លី ផ្ទះសម្បែងនៅក្នុងខេត្តមិនទាន់មានសញ្ញាគួរឲ្យកត់សំគាល់នៅឡើយទេ ប៉ុន្តែតាមការចល័តរបស់ប្រជាជនធ្វើដំណើរច្រើន អាចនឹងធ្វើឲ្យមានសកម្មភាព និងការចង្អុលបង្ហាញពីអចលនទ្រព្យណាមួយ។
លោកបន្តថា “ការធ្វើដំណើរដ៏ច្រើនរបស់ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិកាលពីពេលថ្មីៗនេះ ពិតជាមានឱកាសនៃការទិញដីកើនឡើង”។ លោកបន្តថា “ខេត្តមណ្ឌលគិរី មានឱកាសធ្វើកសិកម្មច្រើន ដោយសារដីធ្លីនៅទំនេរច្រើន និងមានភាពអំណោយផលផ្នែកវិស័យកសិកម្ម”។
លោកស៊ា ឆៃលីនបានបន្តថា ទោះជាយ៉ាងណាស្ថានភាពជាទូទៅនាពេលនេះ មិនទាន់បង្ហាញសញ្ញាណាមួយឲ្យមើលឃើញថា ទីផ្សារមានភាពកម្រើកឡើងខ្លាំងនៅឡើយ។






