ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជាបានសម្ភោធការនាំចេញដូង ទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិនមកកាន់កម្ពុជា កាលពីចន្លោះថ្ងៃទី២១ ដល់២៣ មេសាកន្លងមកនេះ។
ជាមួយគ្នានេះ ក្នុងសប្តាហ៍ដដែល ផលិតផលរបស់សហគ្រាស Home Taste Food មានដូចជា ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើមទម្ងន់៤,៧តោន ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។
-->
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៥ ខែមេសានេះថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះ ធ្វើឡើងដោយដឹកតាមកប៉ាល់។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនេះ នឹងទៅដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃ ផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។
ចំណែកការនាំចេញដូងពីកម្ពុជា ទៅកាន់ប្រទេសចិនបានសម្ភោធឡើងក្រោមជំនួប នៃកិច្ចប្រជុំគណៈកម្មការសម្របសម្រូលកម្ពុជាចិន ដែលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើជាសហប្រធានជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
