ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលហាក់នៅមានស្ថានភាពមិនប្រាកដប្រជា កម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងតំបន់។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើការមានចំនួន២ ១៧៥ រោងចក្រ កើនឡើងចំនួន១៧៨ រោងចក្រ ស្មើនឹង៨,ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះរោងចក្រកើតថ្មីមានចំនួន៥៥ រោងចក្រ កើនឡើងចំនួន១១រោងចក្រ ស្មើនឹង២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២,២៧៤.៩ ពាន់លានដុល្លារ ស្មើនឹង១៣,៥៥% ។
របាយការណ៍បានឲ្យដឹងទៀតថា ទុនវិនិយោគក្នុងស្រុកមានចំនួន៤,១០៥.៥ពាន់លានដុល្លារ ស្នើនឹង២១,៥៥% នៃទុនវិនិយោគសរុប។ តែជាយ៉ាងនេះក្តី ក្រសួងពុំបានបញ្ជាក់អំពីចំនួន រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងឡើយ។
ក្នុងនោះរោងចក្រធុនធំ ដែលមានប្រភពពីជប៉ុនកំពុងដំណើការមានចំនួន៨១រោងចក្រ ស្មើនឹង៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើង ចំនួន២រោងចក្រ ស្មើនឹង២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុប ស្មើនឹង៦៤៤,៧៦ពាន់លានដុល្លារ។
លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការរោងចក្រ ដំឡើងរថយន្តតូយូតាកាលពីថ្ងៃទី២ ខែឧសភាថា កម្ពុជាបន្តសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តប្រកបដោយជោគជ័យ នូវយទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធតាមវិស័យ។