កម្ពុជាទាក់ទាញរោងចក្រ សហគ្រាសចំនួន៥៥ក្នុងត្រីមាសទី១

0

ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលហាក់នៅមានស្ថានភាពមិនប្រាកដប្រជា កម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងតំបន់។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើការមានចំនួន២ ១៧៥ រោងចក្រ កើនឡើងចំនួន១៧៨ រោងចក្រ ស្មើនឹង៨,ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះរោងចក្រកើតថ្មីមានចំនួន៥៥ រោងចក្រ កើនឡើងចំនួន១១រោងចក្រ ស្មើនឹង២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២,២៧៤.៩ ពាន់លានដុល្លារ ស្មើនឹង១៣,៥៥% ។
របាយការណ៍បានឲ្យដឹងទៀតថា ទុនវិនិយោគក្នុងស្រុកមានចំនួន៤,១០៥.៥ពាន់លានដុល្លារ ស្នើនឹង២១,៥៥% នៃទុនវិនិយោគសរុប។ តែជាយ៉ាងនេះក្តី ក្រសួងពុំបានបញ្ជាក់អំពីចំនួន រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងឡើយ។

ក្នុងនោះរោងចក្រធុនធំ ដែលមានប្រភពពីជប៉ុនកំពុងដំណើការមានចំនួន៨១រោងចក្រ ស្មើនឹង៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើង ចំនួន២រោងចក្រ ស្មើនឹង២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុប ស្មើនឹង៦៤៤,៧៦ពាន់លានដុល្លារ។
លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការរោងចក្រ ដំឡើងរថយន្តតូយូតាកាលពីថ្ងៃទី២ ខែឧសភាថា កម្ពុជាបន្តសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តប្រកបដោយជោគជ័យ នូវយទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធតាមវិស័យ។

លោកបានថ្លែងថា “សមិទ្ធផលទាំងនេះ បានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចឥតដាច់ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ វិស័យឧស្សាហកម្មបានចូលរួមយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា”។
សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន តាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

សម្តេចបន្តថា “ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ”។សម្តេចបន្តថា “រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ ដល់ការវិនិយោគគ្រប់វិស័យអាទិភាព តាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញ ជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់”។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីចុងខែមេសាបានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៤ក្នុងអត្រា៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here