ដោយៈ គង់ សូរិយា
ភ្នំពេញៈ អំណាចនៃការទិញកើនឡើង និងការយល់ដឹងពីសាធារណជនកាន់តែប្រសើរ បានធ្វើឲ្យចំនួនម៉ាកយីហោ ដែលបានពង្រីកទីតាំងអាជីវកម្ម ក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ចំនួន១២ម៉ាកយីហោ នៅក្នុងត្រីមាសទី៣ បើធៀបនឹង៦ម៉ាកយីហោក្នុងត្រីមាសទី២។
យោងតាមរបាយការណ៍សិក្សា ដោយក្រុមហ៊ុនCBRE Cambodia ដែលបានផ្សព្វផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា ចំនួនម៉ាកយីហោថ្មី ដែលបានឈានជើងចូលបើកទីតាំងអាជីវកម្ម ក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ចំនួន៣៥ម៉ាកយីហោ នៅក្នុងត្រីមាសទី៣ បើធៀបនឹង១២ម៉ាកយីហោក្នុងត្រីមាសទី២។
ការសិក្សាដដែលបានរកឃើញផងដែរថា អត្រាគ្របដណ្តប់ការប្រើប្រាស់ ទីតាំងលក់រាយនៅរាជធានីភ្នំពេញ បានកើនឡើង០,៦ភាគរយ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៥៩,២ភាគរយក្នុងត្រីមាសទី៣។ យ៉ាងណាមិញ តម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើប(Shopping mall) បានធ្លាក់ចុះ១,៤ភាគរយធៀបនឹងត្រីមាសទី២ មកនៅត្រឹមប្រមាណ៣២ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣៕







