ប្រេសិតជាន់ខ្ពស់អង់គ្លេសបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ

0
លោក Matt Western ប្រេសិតពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ឡើងវិញរបស់ចក្រភពអង់គ្លេស។
លោក Matt Western ប្រេសិតពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ឡើងវិញរបស់ចក្រភពអង់គ្លេស។

ដោយៈ ចំណាន

    ភ្នំពេញៈ លោក Matt Western ប្រេសិតពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេស នៅទីក្រុងភ្នំពេញកាលពីម្សិលមិញ។

សេចក្តីប្រកាសដដែលបានបន្ថែមថា ដំណើរទស្សនៈកិច្ចនេះបង្កើតនូវសន្ទុះ ក្រោមវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមរវាងចក្រភពអង់គ្លេស-កម្ពុជា(JTIF) ដែលជាវេទិកាសំខាន់សម្រាប់ការសម្របសម្រួលទ្វេភាគី និងការចូលរួមពីវិស័យឯកជន។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Western នឹងចូលរួមពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរចនា ដោយក្រុមហ៊ុនចក្រភពអង់គ្លេស Foster + Partners ដែលជានិមិត្តរូប នៃការរួមចំណែករបស់ចក្រភពអង់គ្លេស ចំពោះការតភ្ជាប់ និងកំណើនរយៈពេលវែងរបស់កម្ពុជា។

លោកក៏នឹងជួបជាមួយរដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សាពីគោលនយោ​បាយពាណិជ្ជកម្មរបស់កម្ពុជា ហើយកិច្ចពិភាក្សានឹងរួមបញ្ចូលស្ថាបត្យកម្មពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសការអភិវឌ្ឍ ជុំវិញភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងរបៀបដែលកម្ពុជា និងចក្រភពអង់គ្លេសអាចពង្រឹងកិច្ចសហប្រតិបត្តិការ លើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកក៏នឹងជួបជាមួយវិនិយោគិនអង់គ្លេស ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីការរួមចំណែករបស់ពួកគេ ក្នុងការបង្កើតការងារ នវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព។

លោកក៏នឹងជួបជាមួយតំណាងស្ថាប័នអប់រំ របស់ចក្រភពអង់គ្លេ​សក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេ ក្នុងការអភិ​វឌ្ឍជំនាញ ការកែលម្អលទ្ធភាពការងារ សង្គម និងគាំទ្រដល់កំណើនប្រកបដោយបរិយាបន្ន។

ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះ លោកមានប្រសាសន៍ថា “វាជាកិត្តិយសក្នុងការមកកម្ពុជា ក្នុងពេលវេលាដ៏សំខាន់នេះ”។ លោកបន្ថែមថា ការចូលរួមក្នុងពិធីសម្ពោធ អាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែជាការអបអរនៃវឌ្ឍនភាពប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញានៃការសម្រេចបាន រវាងភាពជាដៃគូចក្រភពអង់គ្លេស-កម្ពុជា”។

លោកបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលអ្នកជំនាញរបស់អង់គ្លេស បានចូលរួមចំណែកក្នុងគម្រោង ដែលនឹងធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ ចំពោះអ្នកទេសចរគ្រប់រូបដែលមកកម្ពុជា ក៏ដូចជាបង្ហាញពីអារម្មណ៍ នៃមោទនភាពជាតិក្នុងចំណោមមិត្តកម្ពុជារបស់យើង”។

លោកបន្តថា ខ្ញុំទន្ទឹងរង់ចាំក្នុងការកសាងនូវសន្ទុះនេះ ដោយចូលរួមជាមួយមេដឹកនាំកម្ពុជា និងវិនិយោគិនអង់គ្លេស ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ដើម្បីអបអរភាពជាដៃគូពាណិជ្ជកម្ម ដ៏រឹងមាំរបស់យើង និងដើម្បីបើកឱកាសថ្មីៗ ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ”។

ដំណើរ​ទស្សនកិច្ច​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​យូរអង្វែង​របស់​ចក្រភព​អង់គ្លេស​ ក្នុង​ការ​គាំទ្រ​ដល់​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា ​ពី​​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេស បានកត់សម្គាល់ថា វាក៏ស្របតាមគោលបំណងរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយទទួលស្គា​ល់​តួនាទីសំខាន់របស់អាស៊ាន ក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here