រដ្ឋមន្រ្តីបរិស្ថានលើកឡើងពីផែនការនិងត្រៀមសហការក្នុងការដាំដើមត្នោតលើមហាវិថីឆ្ពោះទៅព្រលានយន្តហោះតេជោ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោកអ៊ាង សុផល្លែត បាន​ប្រកាស​នឹង​ចូលរួម​ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បើ​សិនមានការ​ស្នើ​សុំផ្តល់​កូនត្នោត​ ដើម្បី​យកទៅ​ដាំ​លម្អនៅ​លើ​ដង​មហាវិថី​ថ្មី​ ទៅ​កាន់​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ ​ដែលកំពុង​ដំណើរការ​សាងសង់បានជាង៧០ភាគរយ។

ឆ្លើយតបសំនួរ​របស់​អ្នកសារព័ត៌មាន ​ក្នុង​សន្និសីទ “ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ​” កាល​ថ្ងៃ ២០ ឧសភា លោក អ៊ាង សុផល្លែត​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​រីករាយ សហការផ្តល់ជូនកូន​ត្នោតដល់មន្រ្តីមូលដ្ឋាន ​ដើម្បី​​យកទៅ​ដាំ​នៅ​តាម​ដង​មហាវិថី​ថ្មី​ កំពុង​សាងសង់​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​។

លោករដ្ឋមន្រ្តី​បានលើកឡើង​ថា លោក​​ជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខជាតិ​របស់ជាតិ​គឺដើមត្នោត តាមរយៈការចែកជូន កូនត្នោតជាង៣០ម៉ឺនក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមការចែកជូនកូនឈើជាង១​លាន​ដើមទៀត ​ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំនិងស្តារព្រៃឈើឡើងវិញឱ្យបានជាង៦០% នៅឆ្នាំ២០៥០​។

លោកបន្ត​ថា ដើម​ត្នោត​ជា​អត្តសញ្ញាណ​ជាតិ​ ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​វប្បធម៌​ របស់​ជនជាតិ​ខ្មែរ​តាំង​ពី​កកើត​ទឹកដី​មក។ ​ការ​ដាំ​ដើមត្នោត​ប្រយោជន៍ ​​ជួយផ្សព្វផ្សាយ​តម្លៃវប្បធម៌ជាតិខ្មែរ និង​បង្កើន​​ការ​​ចាប់អារម្មណ៍​​ ដល់ទេសចរ​​​បរទេស​ បាន​ស្គាល់​ពី​រុក្ខជាតិ​ជា​អត្តសញ្ញាណ​របស់​ដូនតាខ្មែរ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​​ប្រទេស​កម្ពុជា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ការ​ដាំ​រុក្ខជាតិ​ណាមួយ​ ក្នុង​បរិវេណ​ព្រលានយន្តហោះ ​ត្រូវ​មាន​ការ​សិក្សា​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ។

ទាក់ទង​ការ​បំផុស​គំនិត​យក​ដើម​ត្នោត​ មក​ដាំ​លម្អ​នៅ​តាម​ដង​មហាវិថី​ថ្មី ​ទៅ​ព្រលាន​យន្តហោះ​នៅ​ក្រុង​តាខ្មៅ​ បើតាមមន្រ្តីអាកាសចរស៊ីវិលបានបញ្ជាក់ថា “កិច្ចការ​នេះ​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​​របស់​អាជ្ញាធរ​ព្រលាន​នោះ​ទេ”។

ក្នុង​គម្រោង​អភិវឌ្ឍ​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ ​មាន​ការ​ស្ថាបនា​មហាវិថី​ថ្មី ​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ផ្លូវ ​៦០ ​ម៉ែត្រ​ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ ដែល​មាន​ប្រវែង​ជាង ​១៣គីឡូម៉ែត្រ។ មហាវិថី​ថ្មី​នេះសាងសង់​ កាត់ភូមិសាស្រ្ត​ខេត្តកណ្តាល ​តភ្ជាប់​​ពីព្រលានយន្តហោះ​តេជោតាខ្មៅ ​​ឆ្លង​កាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ និង​ផ្លូវ​ជាតិ​លេខ២ ភ្ជាប់​មក​មហាវិថី​សម្តេច​តេជោ (​ឬ​ផ្លូវ ៦០ ម៉ែត្រ)។

លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល​បាន​ឲ្យកម្ពុជាថ្មី​ដឹង​ថា ចំពោះការដាំដើម​ត្នោត នៅ​លើ​មហាវិថី​ថ្មី​ក្នុង​ភូមិសា​ស្រ្ត​ខេត្តកណ្តាល​តភ្ជាប់ ទៅព្រលានយន្តហោះតេជោតាខ្មៅ​ រដ្ឋបាល​ខេត្ត ​ពុំទាន់ទទួលបាន​ព័ត៌មានជាក់លាក់នៅ​ឡើយ​​ទេ។

លោកបញ្ជាក់ថា “ចំពោះការដាំដើមត្នោតតាមមហាវិថី ទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ អាចថាគ្រោងនឹងដាំពីថ្នាក់ជាតិ សហការជាមួយក្រុមហ៊ុនធ្វើព្រលាន បើតាមការឲ្យដឹងពីមន្ទីរបរិស្ថានខេត្តកណ្តាល”។

យ៉ាងណាមិញ បើតាម​មន្រ្តីអ្នកនាំពាក្យ​រូបនេះ រដ្ឋបាល​ខេត្ត​បានបំផុសឲ្យរដ្ឋបាលក្រុង ស្រុក ដាំឈើក្នុងទីតាំងដីរបស់ក្រុងស្រុក ១ ម៉ឺនដើមក្នុង១ឆ្នាំ។ បច្ចុប្បន្ន រដ្ឋបាលខេត្តកណ្តាល ក៏កំពុង​រៀបចំ​ឲ្យ​មានឧទ្យានតាម​បបណ្តាក្រុងស្រុក​ទាំង១៣ ក្នុង​ខេត្ត។

ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ គិតវឌ្ឍនភាព​មក​ដល់​ពេល​នេះ​សម្រេច​បាន​ជាង៧០ភាគរយ ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី១ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​នៅ​ដើម​ឆ្នាំ២០២៥​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here