ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានប្រកាសនឹងចូលរួម សហការជាមួយអាជ្ញាធរដែនដី បើសិនមានការស្នើសុំផ្តល់កូនត្នោត ដើម្បីយកទៅដាំលម្អនៅលើដងមហាវិថីថ្មី ទៅកាន់ព្រលានយន្តហោះតេជោតាខ្មៅ ដែលកំពុងដំណើរការសាងសង់បានជាង៧០ភាគរយ។
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទ “ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ” កាលថ្ងៃ ២០ ឧសភា លោក អ៊ាង សុផល្លែតបានឲ្យដឹងថា ក្រសួងបរិស្ថានរីករាយ សហការផ្តល់ជូនកូនត្នោតដល់មន្រ្តីមូលដ្ឋាន ដើម្បីយកទៅដាំនៅតាមដងមហាវិថីថ្មី កំពុងសាងសង់ទៅព្រលានយន្តហោះតេជោតាខ្មៅ។
-->
លោករដ្ឋមន្រ្តីបានលើកឡើងថា លោកជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខជាតិរបស់ជាតិគឺដើមត្នោត តាមរយៈការចែកជូន កូនត្នោតជាង៣០ម៉ឺនក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមការចែកជូនកូនឈើជាង១លានដើមទៀត ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំនិងស្តារព្រៃឈើឡើងវិញឱ្យបានជាង៦០% នៅឆ្នាំ២០៥០។
លោកបន្តថា ដើមត្នោតជាអត្តសញ្ញាណជាតិ ដែលបានផ្សារភ្ជាប់ទៅវប្បធម៌ របស់ជនជាតិខ្មែរតាំងពីកកើតទឹកដីមក។ ការដាំដើមត្នោតប្រយោជន៍ ជួយផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិខ្មែរ និងបង្កើនការចាប់អារម្មណ៍ ដល់ទេសចរបរទេស បានស្គាល់ពីរុក្ខជាតិជាអត្តសញ្ញាណរបស់ដូនតាខ្មែរ នៅពេលធ្វើដំណើរមកប្រទេសកម្ពុជា។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ការដាំរុក្ខជាតិណាមួយ ក្នុងបរិវេណព្រលានយន្តហោះ ត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ។
ទាក់ទងការបំផុសគំនិតយកដើមត្នោត មកដាំលម្អនៅតាមដងមហាវិថីថ្មី ទៅព្រលានយន្តហោះនៅក្រុងតាខ្មៅ បើតាមមន្រ្តីអាកាសចរស៊ីវិលបានបញ្ជាក់ថា “កិច្ចការនេះពាក់ព័ន្ធអាជ្ញាធរដែនដី មិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរព្រលាននោះទេ”។
ក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោតាខ្មៅ មានការស្ថាបនាមហាវិថីថ្មី តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះតេជោតាខ្មៅ ដែលមានប្រវែងជាង ១៣គីឡូម៉ែត្រ។ មហាវិថីថ្មីនេះសាងសង់ កាត់ភូមិសាស្រ្តខេត្តកណ្តាល តភ្ជាប់ពីព្រលានយន្តហោះតេជោតាខ្មៅ ឆ្លងកាត់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវជាតិលេខ២ ភ្ជាប់មកមហាវិថីសម្តេចតេជោ (ឬផ្លូវ ៦០ ម៉ែត្រ)។
លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា ចំពោះការដាំដើមត្នោត នៅលើមហាវិថីថ្មីក្នុងភូមិសាស្រ្តខេត្តកណ្តាលតភ្ជាប់ ទៅព្រលានយន្តហោះតេជោតាខ្មៅ រដ្ឋបាលខេត្ត ពុំទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ។
លោកបញ្ជាក់ថា “ចំពោះការដាំដើមត្នោតតាមមហាវិថី ទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ អាចថាគ្រោងនឹងដាំពីថ្នាក់ជាតិ សហការជាមួយក្រុមហ៊ុនធ្វើព្រលាន បើតាមការឲ្យដឹងពីមន្ទីរបរិស្ថានខេត្តកណ្តាល”។
យ៉ាងណាមិញ បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ រដ្ឋបាលខេត្តបានបំផុសឲ្យរដ្ឋបាលក្រុង ស្រុក ដាំឈើក្នុងទីតាំងដីរបស់ក្រុងស្រុក ១ ម៉ឺនដើមក្នុង១ឆ្នាំ។ បច្ចុប្បន្ន រដ្ឋបាលខេត្តកណ្តាល ក៏កំពុងរៀបចំឲ្យមានឧទ្យានតាមបបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្ត។
ព្រលានយន្តហោះតេជោតាខ្មៅ គិតវឌ្ឍនភាពមកដល់ពេលនេះសម្រេចបានជាង៧០ភាគរយ ដែលគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២៥៕
