ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហុងកុង គឺជាទីក្រុងដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមានអគារជាង៥៥០ ដែលសុទ្ធតែមានកម្ពស់ ចាប់ពី១៥០ម៉ែត្រឡើងទៅ។ នេះបើយោងតាមក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងមូលដ្ឋានទិន្នន័យអគារកប់ពពក Urban Habitat។
សំណង់អគារខ្ពស់កប់ពពក នៅទីក្រុងហុងកុង បានរីកដុះដាលក្នុងអំឡុងរយៈពេល៥០ឆ្នាំចុងក្រោយ នៃសតវត្សរ៍ទី២០ ស្របពេលដែលចំនួនប្រជាជន ក្នុងទីក្រុងមួយនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍បានបន្តរីកចម្រើន បន្ទាប់ពីទីក្រុងហុងកុងទទួលបានឯករាជ្យ ពីអាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៩៧។
-->
អគារខ្ពស់ជាងគេចំនួន២នៅទីក្រុងហុងកុង គឺអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Centre) មានកំពស់៤៨៤ម៉ែត្រ និងអគារTwo International Financial Centre មានកំពស់៤១២ម៉ែត្រ បានផុសត្រដែតឡើង និងចែងចាំងពន្លឺនៅសងខាងនៃកំពង់ផែ Victoria Harbour ហើយបញ្ចេញស្រមោលទៅលើផ្លូវចរាចរណ៍ទឹកដ៏មមាញឹកក្នុងទីក្រុងហុងកុង។
ទន្ទឹមនឹងនេះ ប្រជាជនរបស់ទីក្រុងហុងកុងចំនួន៧,៥លាននាក់រស់នៅក្នុងផ្ទះល្វែងដ៏តូចចង្អៀត ដោយក្នុងនោះ ទំហំលំនៅដ្ឋានជាមធ្យមសម្រាប់មនុស្សម្នាក់ៗ នៅទីក្រុងហុងកុង មានទំហំត្រឹមតែ១៦ម៉ែត្រការ៉េប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១។
បណ្តុំអគារលំនៅដ្ឋាន នៅក្នុងសង្កាត់ Quarry Bay ដែលមានរហស្សនាមថា “អគារបិសាច ឬMonster Building”មានភាពល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីអគារទាំងនេះ ត្រូវបានដាក់បង្ហា ញនៅក្នុងខ្សែភាពយន្ត “Transformers: Age of Extinction” ក្នុងឆ្នាំ២០១៤។
លើសពីនេះ អគារលំនៅដ្ឋានសាធារណៈចាស់ៗ ដូចជា អគារ Ping Shek Estate និងអគារ Lai Tak Tsuen មានទីធ្លាកណ្តាលដ៏គួរឱ្យទាក់ទាញសម្រាប់មនុស្សជាច្រើន និងជាទីតាំងដ៏ពេញនិយមរបស់អ្នកចូលចិត្តថតរូប៕ប្រភព: AFP៕