ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កំពុងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោក ដោយដាក់ឈ្មោះថាអគារ Tiger Sky Tower។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានអន្តរជាតិធំៗ។
អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោកមួយនេះមានទីតាំងនៅសង្កាត់ Business Bay និងកំពុងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Tiger Properties។ ឌូបៃគឺទីក្រុងមួយ ដែលពោរពេញទៅដោយសំណង់អគារខ្ពស់ៗកប់ពពកជាច្រើន ហើយអគារ Tiger Sky Tower នេះនឹងក្លាយជាអគារដ៏អច្ឆរិយៈមួយទៀតរបស់ទីក្រុងដ៏ល្បីឈ្មោះមួយនេះ។
ការសាងសង់អគារ Tiger Sky Tower ត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគអស់ប្រមាណ១ពាន់លានដុល្លារអាមេរិក ខណៈកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។យ៉ាងណាមិញ នៅពេលការសាងសង់បញ្ចប់រួចរាល់ អគារនេះនឹងបំបែកកំណត់ត្រា ជាអគារលំនៅដ្ឋានខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ដោយលូតឡើងដល់កម្ពស់៥៣២ម៉ែត្រ និងគ្របដណ្តប់ចំនួន១២២ជាន់។
អគារ Tiger Sky Tower នៅក្នុងទីក្រុងឌូបៃ មួយនេះ មានភាពប្រណីតអស្ចារ្យខ្លាំងណាស់ ដោយក្នុងនោះ អ្នកធ្វើដំណើរឆ្លងកាត់ អាចមើលឃើញបន្ទប់ ដែលមានបង្អួចលាតសន្ធឹងពីឥដ្ឋទៅដល់ពិដាន និងអាចមើលឃើញទិដ្ឋភាពអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ព្រោះអគារទាំង២នេះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។
ជាមួយគ្នានោះ អគារថ្មីនេះក៏មានទីលានបាល់បោះ ដែលហ៊ុព័ទ្ធទៅដោយរុក្ខជាតិបៃតងដ៏ស្រស់ស្អាត ក៏ដូចជាកន្លែងទទួលភ្ញៀវ ដែលមានការតាំងលម្អដោយដើមត្នោត។ ជាងនេះទៅទៀត អគារ Tiger Sky Tower ក៏នឹងមានសួនកម្សាន្តបែបផ្សងព្រេង អាងហែលទឹក និងភោជនីយដ្ឋានលំដាប់ខ្ពស់បំផុតរបស់ពិភពលោកផងដែរ។
លោក Eng Waleed Mohammed AlZoubi នាយកប្រតិបត្តិក្រុមហ៊ុន Tiger Properties បានលើកឡើងថា “យើងកំពុងឆ្ពោះទៅរកទិសដៅថ្មី ដោយព្យាយាមកសាងអ្វីមួយដែលយើងមិនធ្លាប់ធ្វើពីមុនមក។ ជាក់ស្តែង អគារនេះមានកំពស់ខ្ពស់ណាស់ ហើយថែមទាំងមាននិរន្តរភាព និងមានភាពអស្ចារ្យ”៕ប្រភព:The news.com.pk៕