ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កំពុងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោក ដោយដាក់ឈ្មោះថាអគារ Tiger Sky Tower។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានអន្តរជាតិធំៗ។
អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោកមួយនេះមានទីតាំងនៅសង្កាត់ Business Bay និងកំពុងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Tiger Properties។ ឌូបៃគឺទីក្រុងមួយ ដែលពោរពេញទៅដោយសំណង់អគារខ្ពស់ៗកប់ពពកជាច្រើន ហើយអគារ Tiger Sky Tower នេះនឹងក្លាយជាអគារដ៏អច្ឆរិយៈមួយទៀតរបស់ទីក្រុងដ៏ល្បីឈ្មោះមួយនេះ។
ការសាងសង់អគារ Tiger Sky Tower ត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគអស់ប្រមាណ១ពាន់លានដុល្លារអាមេរិក ខណៈកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។
យ៉ាងណាមិញ នៅពេលការសាងសង់បញ្ចប់រួចរាល់ អគារនេះនឹងបំបែកកំណត់ត្រា ជាអគារលំនៅដ្ឋានខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ដោយលូតឡើងដល់កម្ពស់៥៣២ម៉ែត្រ និងគ្របដណ្តប់ចំនួន១២២ជាន់។






