ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc គ្រោងបើកទីតាំងលក់រាយដំបូងរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី នៅខែមិថុនាខាងមុខ ក្នុងគោលដៅពង្រីកវត្តមានរបស់ Apple ក្នុងតំបន់អាស៊ាន ដើម្បីបង្កើនទាំងការលក់ និងប្រតិបត្តិការនៅខាងក្រៅប្រទេសចិន។
ហាងលក់រាយដំបូងទី១ របស់ក្រុមហ៊ុនApple ប្រចាំនៅប្រទេសម៉ាឡេស៊ី នឹងមានទីតាំងនៅក្នុងផ្សារទំនើប The Exchange TRX ក្នុងទីក្រុងគូឡាឡាំពួ។ ក្រុមហ៊ុនបានប្រកាសថា ទីតាំងនេះនឹងបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនាខាងមុខ នាវេលាម៉ោង១០ព្រឹក(ម៉ោងក្នុងស្រុក)។
បច្ចុប្បន្ននេះ ក្រុមហ៊ុនខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិក មានទីតាំង ហាងលក់រាយមួយចំនួនរួចទៅហើយ នៅក្នុងតំបន់អាស៊ាន រួមមានដូចជា ហាងនៅក្នុង ប្រទេសថៃ និងប្រទេសសិង្ហបុរី។ប្រទេសម៉ាឡេស៊ី កំពុងក្លាយជាប្រទេសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Apple ទាំងផ្នែកផលិតកម្ម និងផ្នែកលក់។ ក្រុមហ៊ុនអាមេរិកមួយនេះ បានចាប់ផ្តើមផលិតផលិតផល Macs មួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្រុមហ៊ុននេះក៏កំពុងផលិតទូរស័ព្ទ iPhone មួយចំនួននៅក្នុងប្រទេសឥណ្ឌា និងផលិតកាសឥតខ្សែ AirPods នៅក្នុងប្រទេសវៀតណាមផងដែរ។
ទីតាំងហាងលក់រាយថ្មីនេះ បានស្ថិតក្នុងការអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំមកហើយ ដោយក្នុងនោះ ការកក់ជួលហាងនេះបានចាប់ផ្ដើមតាំងពីដើមឆ្នាំមុនមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។
សារពត៌មាន Bloomberg News បានចុះទៅរាយការណ៍អំពីទីតាំងនេះកាលពីឆ្នាំមុន ខណៈដើមឡើយ ហាងនេះគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែបែរជាជួបប្រទះការពន្យារពេលទៅវិញ។
កាលពីខែមេសាកន្លងទៅ លោកមហាសេដ្ឋី Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានធ្វើដំណើរទៅកាន់តំបន់អាស៊ានផងដែរ។ នាពេលនោះ លោកបានអញ្ជើញទៅទស្សនា ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ដើម្បីជំរុញកំណើននៃការលក់នៅក្នុងតំបន់៕ប្រភព: Bloomberg៕